វិសាខសូត្រទី ៨
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះវិសាខបញ្ចាលីបុត្រ ( វិសាខភិក្ខុកូននៃនាងព្រាហ្មណី ឈ្មោះបញ្ចាលី ) ដ៏មានអាយុ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហាន ឲ្យ រីករាយ ដោយធម្មីកថាក្នុងរោងឆាន់ ប្រកបដោយសម្តីជារបស់អ្នកក្រុង ជា វាចាច្បាស់លាស់ ប្រាសចាកទោស អាចញ៉ាំងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តី ជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ ។ គ្រា នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីពួនសម្ងំ ក្នុងសាយ័ណ្ហសម័យហើយ ស្តេចចូលទៅកាន់រោងឆាន់ លុះចូលទៅដល់ ទ្រង់គង់លើអាសនៈដែលគេ ក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ នរណាហ្ន៎ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសម្តីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាក ទោស អាចញ៉ាំងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុង វិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះវិសាខបញ្ចាលីបុត្រដ៏មានអាយុ ពន្យល់ភិក្ខុ ទាំងឡាយឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសម្តីជារបស់អ្នកក្រុង ជាវាចា ច្បាស់លាស់ ប្រាសចាកទោស អាចញ៉ាំងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់ រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ ។