អដ្ឋកថាវិសាខសូត្រ

ក្បាលទី 27 · ទំព័រ 801

គប្បីជ្រាបវិនិច្ឆ័យក្នុងវិសាខសូត្រទី ៨ ដូចតទៅនេះ បទថា បញ្ចាលិបុត្តោ គឺជាកូនរបស់ព្រាហ្មណី ឈ្មោះបញ្ចាលី ។ បទថា បេរិយា វាចាយ គឺដោយវាចាដែលបរិបូណ៌ ។ បទថា វិស្សដ្ឋាយ គឺអណ្តាតមិន ជាប់ ។ បទថា អនេឡគលាយ សេចក្តីថា មិនមានទោស មិនរដាក់រដុប ព្យញ្ជនៈមិនប្រែប្រួល ។ បទថា បរិយាបន្នាយ គឺទាក់ទងក្នុងវដ្តៈ ។ បទថា អនិស្សិតាយ គឺមិនអាស្រ័យវដ្តៈ ។ អធិប្បាយថា ពោលពាក្យឲ្យ អាស្រ័យវិវដ្តៈបុណ្ណោះ មិនពោលពាក្យឲ្យអាស្រ័យវដ្តៈឡើយ ។ បទថា នាភាសមានំ គឺមិនពោលក៏មិនមានបុគ្គលណាស្គាល់ ។ បទថា អមតំ បទំ បានដល់ បទ គឺព្រះនិព្វាន ។ បទថា ភាសយេ បានដល់ គប្បីធ្វើឲ្យច្បាស់លាស់ ។ បទថា ជោតយេ ជាវេវចនៈនៃបទថា ភាសយេ នុ៎ះឯង ។ បទថា បគ្គណ្ហេ ឥសីនំ ធជំ សេចក្តីថា លោកុត្តរធម៌ ៩ យ៉ាង ហៅថា ទង់ជ័យរបស់ពួកឥសី ព្រោះអត្ថថា ផ្សាយខ្ចរខ្ចាយទៅ អធិប្បាយ ថា គប្បីលើកតម្កើងលោកុត្តរធម៌នោះ គឺគប្បីពោលលើកឲ្យខ្ពស់ ។ ពួកឥសី ឈ្មោះថា មានសុភាសិតជាទង់ ព្រោះអត្ថថា មានសុភាសិតដែលសម្តែង លោកុត្តរធម៌ ៩ ជាទង់ ។ បទថា ឥសិយោ បានដល់ ព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម ។ បទថា ធម្មោ ហិ ឥសីនំ ធជោ សេចក្តីថា លោកុត្តរធម៌ ឈ្មោះថា ជាទង់របស់ពួកឥសី ដោយន័យដែលពោលហើយ ខាងដើមនោះឯង ។