សត្ថុសូត្រទី ១

ក្បាលទី 28 · ទំព័រ 497

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី គ្រានោះ ក្សត្រិយ៍លិច្ឆវី ព្រះនាម សាឡ្ហៈ និងក្សត្រលិច្ឆវីព្រះនាមអភយៈ នាំគ្នាចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីសមគួរ ។ លុះសាឡ្ហលិច្ឆវី គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មានសមណព្រាហ្មណ៍ ពួកមួយ បញ្ញត្តនូវការរលាស់ខ្លួនចេញចាកឱឃៈ ដោយហេតុ ២ ប្រការ គឺសីលវិសុទ្ធិជាហេតុ ១ តបោជិគុច្ឆា ( ការខ្ពើមបាបដោយប្រព្រឹត្តតបៈ គឺ ធ្វើទុក្ករកិរិយា ) ជាហេតុ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចម្តេច ក្នុងរឿងនេះ ។ ម្នាលសាឡ្ហៈ តថាគតពោលនូវសីលវិសុទ្ធិ ថាជាអង្គនៃសមណធម៌ ១ ។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ ណា ជាអ្នកពោលនូវតបោជិគុច្ឆា មានតបោជិគុច្ឆាជាខ្លឹមសារ ជាប់ជំពាក់ក្នុង តបោជិគុច្ឆា ពួកសមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីរលាស់ខ្លួនចេញ ចាកឱឃៈបានទេ ។