អដ្ឋកថាបឋមបុញ្ញាភិសន្ទសូត្រ
ទុតិយបណ្ណាសក គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមបុញ្ញាភិសន្ទសូត្រទី ១ នៃទុតិយបណ្ណាសកទី ២ ដូចតទៅនេះ បទថា បុញ្ញាភិសន្ទា បានដល់ ការហូរមក នៃបុណ្យ អធិប្បាយថា ការកើតឡើងនៃបុណ្យ ។ បទថា កុសលាភិសន្ទា នោះ ជាវេវចនៈនៃបទថា បុញ្ញាភិសន្ទា នោះឯង ។ ឈ្មោះថា សុខស្សាហារ ព្រោះថា ការហូរមកនៃបុណ្យទាំងនេះ នាំមកនូវសេចក្តីសុខមកឲ្យ ។ ឈ្មោះ ថា សោវគ្គិកា ព្រោះថា ឲ្យអារម្មណ៍ មានរូបជាដើមដោយល្អ ។ ឈ្មោះថា សុខវិបកា ព្រោះបុណ្យទាំងនោះមានសេចក្តីសុខជាវិបាក ។ ឈ្មោះថា សគ្គសំវត្តនិកា ព្រោះប្រព្រឹត្តទៅដើម្បីកើតក្នុងស្ថានសួគ៌ ។ បទថា ចីវរំ បរិភុញ្ជមានោ សេចក្តីថា ភិក្ខុបានសំពត់ដើម្បីធ្វើចីវរ ព្រោះម្ជុល និងអំបោះជាដើមមិនមាន ទើបរក្សាទុកឯងខ្លះ ធ្វើឯងខ្លះ ឲ្យអ្នកដទៃ ធ្វើខ្លះ ដណ្តប់ឯងខ្លះនូវសំពត់នោះ ក្នុងវេលាសំពត់ចាស់ ធ្វើជាសំពត់ ក្រាលដេកខ្លះ មិនអាចធ្វើជាសំពត់ក្រាលដេកបាន ក៏ធ្វើជាសំពត់ក្រាលផែនដី ខ្លះ ហែកសំពត់ដែលមិនសមនឹងក្រាលផែនដីធ្វើជាសំពត់ជូតជើងខ្លះ ក៏ហៅ ថា បរិភោគ ។ តែកាលណាគិតថា សំពត់នេះ បុគ្គលណាមិនអាចធ្វើជា សំពត់ជូតជើងបាន ក៏បោះចោលទៅ កាលនោះឈ្មោះថា មិនបរិភោគ ។ បទថា អប្បមាណំ ចេតោសមាធឹ គឺអរហត្តផលសមាធិ ។ បទថា អប្បមាណោ តស្ស បុញ្ញាភិសន្ទោ នេះ ត្រាស់ដល់បុញ្ញចេតនារបស់ ទាយក រាប់ប្រមាណមិនបាន ដ្បិតថា បុញ្ញចេតនារបស់ទាយកនោះ ដែល ប្រព្រឹត្តទៅហើយ ដោយអំណាចការរពកដល់រឿយៗ ថា ភិក្ខុដែលជា ខីណាស្រព បរិភោគចីវររបស់អាត្មាអញ ដូច្នេះ ឈ្មោះថា រាប់ប្រមាណ មិនបាន ពាក្យនេះ ត្រាស់សំដៅដល់សេចក្តីនោះ ។