បឋមសមជីវិសូត្រ

ក្បាលទី 28 · ទំព័រ 21

សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យអភ័យដល់សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ ។ គ្រានោះ ឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍របស់គហបតី ឈ្មោះនកុលបិតា លុះចូលទៅដល់ ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លំដាប់នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាននាំគ្នាចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុង ទីសមគួរ ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចាប់ដើមពីខ្ញុំព្រះអង្គបាន ប្រសព្វគ្នានឹងនកុលមាតាគហបតានី តាំងពីកំលោះក្រមុំមក មិនដែលប្រព្រឹត្តក ន្លងចិត្តនៃនកុលមាតាគហបតានី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គប្រាថ្នាឲ្យ ជួបគ្នាក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង ។ ចំណែកនកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះដែរថា បពិត្រព្រះអង្គ ដ៏ចម្រើន ចាប់ដើមពីខ្ញុំម្ចាស់បានប្រសព្វគ្នានឹងនកុលបិតាគហបតី តាំង អំពីកំលោះក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្តនៃនកុលបិតាគហបតី សូម្បី ដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គ ដ៏ចម្រើន យើងខ្ញុំព្រះអង្គប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុង បរលោកផង ។