ទុតិយសមជីវិសូត្រ

ក្បាលទី 28 · ទំព័រ 24

ម្នាលភិក្ខុទាំងឡាយ បើប្តី និងប្រពន្ធទាំងពីរនាក់ ប្រាថ្នាឲ្យ ជួបគ្នាក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង លុះតែជនទាំងពីរនាក់ នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជនទាំងនោះ ជួបគ្នាក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង ។ ជនទាំងពីរនាក់ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃ ស្មូម ជាអ្នកសង្រួម ( ក្នុងសីល ) ជាអ្នកចិញ្ចឹមជីវិតតាម គន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ញែមរក គ្នានិងគ្នា រមែងមានសេចក្តីចម្រើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានិងគ្នា ពួកសត្រូវរមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរដែលមានសីលស្មើគ្នា ជនទាំងពីរនាក់មាន សីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ក្នុងលោកនេះហើយ ( បើ ) មានចំណង់ក្នុងកាម រមែងជាអ្នកត្រេកអររីករាយ ក្នុងទេវលោកបាន ។