សុទត្តសូត្រ

ក្បាលទី 28 · ទំព័រ 29

គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះមាន ព្រះភាគទ្រង់ត្រាស់ថា ម្នាលគហបតី អរិយសាវ័កកាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកទាំងឡាយ ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខ ១ ឲ្យពល ១ ។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវ អាយុដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ … លុះឲ្យ សុខហើយ … លុះឲ្យពលហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយក នូវពលដែលជារបស់ទិព្វ ឬជារបស់មនុស្ស ។ ម្នាលគហបតី អរិយសាវ័ក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាងនេះ ដល់ បដិគ្គាហកទាំងឡាយ ។ បុគ្គលណាឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលសង្រួម ( ក្នុង សីល ) ជាអ្នកបរិភោគភោជនដែលបុគ្គលដទៃឲ្យដោយគោរព តាមកាល បុគ្គលនោះ រមែងបានទទួលនូវឋានៈទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខ ១ ពល ១ ។ ជនអ្នកឲ្យអាយុ ឲ្យពល ឲ្យសុខ ឲ្យវណ្ណៈ កើតក្នុងភពណាៗ រមែងជាអ្នក មានអាយុវែង មានយសបរិវារក្នុងភពនោះៗ ។