អដ្ឋកថាសុទត្តសូត្រ

ក្បាលទី 28 · ទំព័រ 30

គប្បីជ្រាបវិនិច្ឆ័យក្នុងសុទត្តសូត្រទី ៨ ដូចតទៅនេះ បទថា សញ្ញតានំ បានដល់ បដិគ្គាហកដែលជាអ្នកសង្រួមតាមកាយ និងវាចា ។ បទថា បរទត្តភោជិនំ សេចក្តីថា ជាអ្នកបរិភោគរបស់ដែលអ្នកដទៃឲ្យ ហើយ ទើបញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ។ បទថា កាលេន បានដល់ តាម កាលដ៏គួរ ។ បទថា សក្កច្ច ទទាតិ សេចក្តីថា ធ្វើសក្ការៈ ហើយឲ្យ ដោយដៃរបស់ខ្លួន ។ បទថា ចត្តារិ ឋានានិ អនុប្បវេច្ឆតិ សេចក្តីថា រមែងហូរចុះ គឺឲ្យនូវហេតុ ៤ ។ បទថា យសវា ហោតិ បានដល់ មាន បរិវារច្រើន ។