ភោជនសូត្រ
ក្បាលទី 28 · ទំព័រ 31
ម្នាលភិក្ខុទាំងឡាយ ទាយកកាលឲ្យនូវភោជនាហារ ឈ្មោះ ថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកទាំងឡាយ ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខ ១ ឲ្យពល ១ ។ លុះ ឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺបានទទួលនូវអាយុជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ … លុះឲ្យសុខហើយ … លុះឲ្យពល ហើយ រមែងជាអ្នកមានចំណែក គឺបានទទួលនូវពលជារបស់ទិព្វ ឬជារបស់ មនុស្ស ម្នាលភិក្ខុទាំងឡាយ ទាយកកាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យ នូវឋានៈ ៤ យ៉ាងនេះដល់បដិគ្គាហកទាំងឡាយ ។ បុគ្គលណាឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលជាអ្នកសង្រួម ( ក្នុងសីល ) ជាអ្នកបរិភោគនូវភោជន ដែលអ្នកដទៃឲ្យ ដោយគោរព តាមកាល បុគ្គលនោះ រមែងបានទទួលនូវ ឋានៈទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខ ១ ពល ១ ។ ជនអ្នកឲ្យអាយុ ឲ្យពល ឲ្យសុខ ឲ្យវណ្ណៈ កើត ក្នុងភពណាៗ រមែងជាអ្នកមានអាយុវែង មានយសបរិវារ ក្នុងភពនោះៗ ។