គិហិសាមិចិសូត្រ

ក្បាលទី 28 · ទំព័រ 32

គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះ ដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលគហបតី អរិយសាវ័កប្រកបដោយធម៌ ៤ យ៉ាង ប្រតិបត្តិនូវបដិបទាដ៏សមគួរដល់គ្រហស្ថ មានប្រក្រតីបាននូវយស ប្រព្រឹត្តទៅដើម្បីកើតក្នុងស្ថានសួគ៌ ។ អរិយសាវ័កប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលគហបតី អរិយសាវ័កក្នុងសាសនានេះ ទំនុកបម្រុង ភិក្ខុសង្ឃដោយចីវរ ១ ទំនុកបម្រុងភិក្ខុសង្ឃដោយបិណ្ឌបាត ១ ទំនុកបម្រុង ភិក្ខុសង្ឃដោយសេនាសនៈ ១ ទំនុកបម្រុងភិក្ខុសង្ឃ ដោយភេសជ្ជបរិក្ខារជា បច្ច័យដល់មនុស្សមានជំងឺ ១ ។ ម្នាលគហបតី អរិយសាវ័កប្រកបដោយ ធម៌ទាំង ៤ យ៉ាងនេះឯង ឈ្មោះថា ប្រតិបត្តិនូវបដិបទាដ៏សមគួររបស់ គ្រហស្ថ មានប្រក្រតីបាននូវយស ប្រព្រឹត្តទៅដើម្បីកើតក្នុងស្ថានសួគ៌ ។ បណ្ឌិតទាំងឡាយ តែងប្រតិបត្តិនូវបដិបទាដ៏សមគួរ របស់ គ្រហស្ថ គឺទំនុកបម្រុងភិក្ខុដែលមានសីល ជាអ្នកព្រមព្រៀង គ្នាដោយចីវរ ដោយបិណ្ឌបាត ដោយសេនាសនៈ និង គិលានប្បច្ច័យ បុណ្យតែងចម្រើនដល់បណ្ឌិតទាំងឡាយនោះ សព្វៗ កាល ទាំងយប់ទាំងថ្ងៃ លុះធ្វើកម្មដ៏ចម្រើនហើយ រមែងទៅកាន់ស្ថានសួគ៌ ។ បុញ្ញាភិសន្ទវគ្គទី ១ ចប់ ឧទ្ទាននៃបុញ្ញាភិសន្ទវគ្គនោះ គឺ និយាយពីអានិសង្សនៃបុណ្យ ២ លើក និយាយពីសង្វាស ២ លើក និយាយពីការចិញ្ចឹមជីវិតតាមគន្លងធម៌ ២ លើក និយាយពីរឿងនាងសុប្បវាសា ១ និយាយពីការឲ្យទានដោយ ប្រពៃ ១ និយាយពីការឲ្យភោជន ១ និយាយពីអរិយសាវ័ក ប្រតិបត្តិដ៏សមគួររបស់គ្រហស្ថ ១ ។