អដ្ឋកថា បត្តកម្មសូត្រ

ក្បាលទី 28 · ទំព័រ 43

គប្បីជ្រាបវិនិច្ឆ័យក្នុងបត្តកម្មសូត្រទី ១ នៃបត្តកម្មវគ្គទី ២ ដូចតទៅនេះ ឈ្មោះថា ឥដ្ឋា ព្រោះបដិសេធធម៌ដែលមិនគួរប្រាថ្នា ។ ឈ្មោះ ថា កន្តា ព្រោះឈានចូលទៅក្នុងចិត្ត ។ ឈ្មោះថា មនាប ព្រោះធ្វើឲ្យ បីតិចម្រើន ។ បទថា ទុល្លភា បានដល់ បានដោយលំបាកក្រៃលែង ។ បទថា ភោគា បានដល់ អារម្មណ៍ មានរូបជាដើមដែលបុគ្គលគប្បីបរិភោគ ។ បទថា សហ ធម្មេន សេចក្តីថា សូមភោគសម្បត្តិកើតឡើងដោយធម៌ កុំចូលទៅកម្ចាត់ធម៌ ហើយកើតឡើង ដោយអធម៌ឡើយ ។ ម្យ៉ាងទៀត បទថា សហ ធម្មេន ប្រែថា មានហេតុ អធិប្បាយថា ភោគសម្បត្តិ ចូរ កើតឡើង ដោយការណ៍ គឺ តំណែង មានតំណែងសេនាបតី និងសេដ្ឋី ជាដើមនោះ ។ បទថា យសោ បានដល់ បរិវារសម្បត្តិ ។ បទថា សហ ញាតីភិ បានដល់ មួយអន្លើដោយពួកញាតិ ។ បទថា សហ ឧបជ្ឈាយេហិ បានដល់ មួយអន្លើដោយសម្លាញ់ដែលធ្លាប់ឃើញ ធ្លាប់ជួប ដែល ហៅថា ឧបជ្ឈាយ៍ ព្រោះជាអ្នកជួយសម្លឹងក្នុងរឿងសុខ និងទុក្ខ ។ បទថា អកិច្ចំ ករោតិ សេចក្តីថា ធ្វើនូវការដែលមិនគួរធ្វើ ។ បទថា កិច្ចំ អបរាធេតិ សេចក្តីថា កាលមិនធ្វើកិច្ចដែលគួរធ្វើ ឈ្មោះថា លះបង់នូវកិច្ច នោះ ។ បទថា ធំសតិ បានដល់ រមែងធ្លាក់ទៅ គឺរមែងវិនាស ។ បទថា អភិជ្ឈាវិសមលោភំ បានដល់ អភិជ្ឈាវិសមលោភ ។ បទថា បជហតិ បានដល់ បន្ទោបង់ គឺនាំចេញទៅ ។ បទថា មហាបញ្ញោ បានដល់ ជាអ្នកមានបញ្ញាច្រើន ។ បទថា បុថុប្បញ្ញោ បានដល់ មានបញ្ញាក្រាស់ ។ បទថា អបថទសោ សេចក្តីថា បុគ្គលនោះឃើញអត្ថនោះ តាំងនៅក្នុងគន្លងធម៌ រមែងមកកាន់គន្លងដែលជា អត្ថដ៏សុខុមនៃធម៌នាះ ។