អដ្ឋកថា អន្ថនាថសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអន្ននាថសូត្រទី ២ ដូចតទៅនេះ បទថា អធិគមនីយានិ គឺគប្បីដល់ ។ បទថា កាមភោគិនា គឺអ្នកបរិភោគ វត្ថុកាម និងកិលេសកាម បណ្តាសុខ មានអត្ថិសុខជាដើម សុខដែលកើតឡើង ថា ភោគទ្រព្យមាន ឈ្មោះថា អត្ថិសុខ សុខកើតអំពីមានទ្រព្យ ។ សុខ ដែលកើតឡើងដល់បុគ្គលអ្នកចាយភោគទ្រព្យ ឈ្មោះថា ភោគសុខ ។ សុខ ដែលកើតឡើងថា អាត្មាអញមិនជំពាក់បំណុល ឈ្មោះថា អន្នសុខ ។ សុខ ដែលកើតឡើងថា អញប្រាសចាកទោស មិនជាទោស ឈ្មោះថា អនវជ្ជសុខ ។ បទថា ភុញ្ជំ ប្រែថា កាលបរិភោគ ។ បទថា បញ្ញាវិបស្សតិ ប្រែថា រមែងពិចារណាឃើញដោយបញ្ញា ។ បទថា ឧភោ ភាគេ ប្រែថា ២ ចំណែក អធិប្បាយថា ពិចារណាឃើញដោយបញ្ញាយ៉ាងនេះថា សេចក្តីសុខ ៣ ខាងដើម ចាត់ជា ១ ចំណែក ។ សុខកើតអំពីការប្រកបការងារដែល មិនមានទោសចាត់ជា ១ ចំណែក ឈ្មោះថា ដឹង ២ ចំណែក ។ បទថា អនវជ្ជសុខស្សេតំ សេចក្តីថា សុខ ៣ យ៉ាងនោះ រមែងមិនដល់ចម្រៀកទី ១៦ នៃសុខដែលកើតអំពីការប្រកបការងារ មិនមានទោស ដូច្នេះ ។