សព្រហ្មសូត្រ

ក្បាលទី 28 · ទំព័រ 50

ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកកុលបុត្តណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈ ជាព្រហ្ម ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកកុលបុត្តណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាបុព្វាចារ្យ ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកកុលបុត្តណា បូជា ហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាបុព្វទេព ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកកុលបុត្តណា បូជាហើយ ក្នុងផ្ទះ ត្រកូលទាំងនោះឈ្មោះថា ប្រកបដោយឋានៈជាអាហុនេយ្យបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វាចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេពនុ៎ះ ជាឈ្មោះរបស់មាតាបិតា ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យបុគ្គលនុ៎ះ ជាឈ្មោះ របស់មាតាបិតាទាំងឡាយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះថា មាតាបិតាទាំងឡាយ មានឧបការៈច្រើន ជាអ្នករក្សា ជាអ្នកចិញ្ចឹម ជាអ្នកបង្ហាញនូវលោកនេះ ដល់បុត្តទាំងឡាយ ។ មាតាបិតាទាំងឡាយ ជាអ្នកអនុគ្រោះដល់ពួកបុត្ត ហៅថា ជាព្រហ្មផង ហៅថាជាបុព្វាចារ្យផង ជាអហុនេយ្យបុគ្គល ផង របស់បុត្តទាំងឡាយ ។ ព្រោះហេតុដូច្នោះ បណ្ឌិតគប្បី នមស្ការ ធ្វើសក្ការៈចំពោះមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេក ការដុសជម្រះ ការផ្ងូតទឹក ការលាង ជើង និងការបម្រើ ចំពោះមាតាបិតាទាំងឡាយនោះ បណ្ឌិត ទាំងឡាយ តែងសរសើរបុគ្គលនោះ ក្នុងលោកនេះដោយ ពិត លុះលះលោកនេះទៅ រមែងរីករាយក្នុងឋានសួគ៌ ។