សរាគសូត្រ
ក្បាលទី 28 · ទំព័រ 56
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ ។ គឺបុគ្គលប្រកបដោយរាគៈ ១ ប្រកបដោយទោសៈ ១ ប្រកបដោយមោហៈ ១ ប្រកបដោយមានះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក ។ ពួកសត្វឥតមានធម៌ ប្រកបដោយសេចក្តីត្រេកអរក្នុងអារម្មណ៍ គួរត្រេកត្រអាលរីករាយ ក្នុងរូបជាទីស្រឡាញ់ ជាប់ដោយ មោហៈ ញ៉ាំងចំណង ( នៃមារ ) ឲ្យចម្រើន ។ ពួកសត្វអ្នក មិនដឹងនូវហេតុដែលកើតអំពីរាគៈ កើតអំពីទោសៈ កើតអំពី មោហៈ រមែងធ្វើអកុសលកម្មប្រកបដោយទុក្ខ មានទុក្ខជាកម្រៃ ពួកសត្វត្រូវអវិជ្ជារួបរឹត ដូចជាខ្វាក់ឥតចក្ខុ គឺបញ្ញា ទើបមិន សម្គាល់នូវអកុសលកម្មនោះថា យើងទាំងឡាយនឹងមានសភាព ប្រព្រឹត្តទៅតាមធម៌ទាំងឡាយ យ៉ាងនេះមិនខាន ។