អដ្ឋកថាអហិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអហិសូត្រទី ៧ ដូចតទៅនេះ បទថា ឥមានិ ចត្តារិ អហិរាជកុលានិ នេះ ត្រាស់សំដៅដល់ពិសដែលត្រូវពស់ ចឹក ពិសដែលត្រូវពស់ពួកណាមួយចឹក ពិសទាំងអស់នោះ នៅខាងក្នុង ត្រកូលស្តេចពស់ទាំង ៤ នេះ ។ បទថា អត្តគុត្តិយា គឺដើម្បីគ្រប់គ្រងខ្លួន ។ បទថា អត្តរក្ខាយ គឺដើម្បីរក្សាខ្លួន ។ បទថា អត្តបរិត្តាយ គឺដើម្បី ការពារខ្លួន អធិប្បាយថា តថាគតអនុញ្ញាតព្រះបរិត្ត ដូច្នេះ ។ ឥឡូវនេះ ភិក្ខុគប្បីធ្វើបរិត្តនោះដោយវិធីណា កាលទ្រង់សម្តែងវិធីនោះ ទើបត្រាស់ថា វិរូបក្ខេហិ មេ ជាដើម ។ ក្នុងបទទាំងនោះ បទថា វិរូបក្ខេហិ បានដល់ មានមេត្តាចិត្តជាមួយពស់ត្រកូលវិរូបក្ខៈ ។ ក្នុងត្រកូល ពស់ដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា អបទកេហិ បានដល់ មាន មេត្តាចិត្តជាមួយសត្វដែលមិនមានជើងទាំងឡាយ ។ ក្នុងសត្វដ៏សេស ក៏មាន ន័យនេះដូចគ្នា ។ បទថា សព្វេ សត្តា សេចក្តីថា មុនអំពីនេះ ភិក្ខុពោល មេត្តាចំពោះដោយឋានៈប្រមាណបុណ្ណេះហើយ ឥឡូវនេះ ទើបផ្តើមពាក្យនេះ ដើម្បីពោលមេត្តាមិនចំពោះ ។ ក្នុងបទទាំងនោះ បទថា សត្វ បណ ភូត ទាំងនេះ ជាបទពោលដល់បុគ្គលបុណ្ណោះ ។ បទថា ភទ្រានិ បស្សន្តុ សេចក្តីថា ចូរឃើញតែអារម្មណ៍ដែលត្រេកអរចុះ ។ បទថា មា កញ្ចិ បបមាគមា សេចក្តីថា សត្វណាមួយកុំជួបនូវវត្ថុដែលជាបាបលាមកឡើយ ។ ក្នុងបទថា អប្បមាណោ ពុទ្ធោ នេះ គប្បីជ្រាបពុទ្ធគុណថា ពុទ្ធោ ពិត ហើយ ពុទ្ធគុណទាំងនោះ ឈ្មោះថា មិនអាចប្រមាណបាន ។ ក្នុង ២ បទ ដ៏សេសក៏មានន័យនេះឯង ។ បទថា បមាណវន្តានិ បានដល់ ប្រកប ហើយដោយប្រមាណនៃព្រះគុណ ។ បទថា ឧណ្ណានាភី បានដល់ ពីងពាង ដែលមានរោមត្រង់ពោះ ។