បធានសូត្រ

ក្បាលទី 28 · ទំព័រ 65

ម្នាលភិក្ខុទាំងឡាយ បធាន ( សេចក្តីព្យាយាម ) នេះមាន ៤ យ៉ាង ។ បធាន ៤ យ៉ាង ដូចម្តេចខ្លះ ។ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្តដើម្បីញ៉ាំងអកុសលធម៌ដ៏ លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា សំវរប្បធាន ។ ម្នាលភិក្ខុទាំងឡាយ ចុះបហានប្បធាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្ត តាំងចិត្តដើម្បីលះបង់អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន ។ ម្នាលភិក្ខុទាំងឡាយ ចុះភាវនាបធាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើងឲ្យកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន ។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្តដើម្បីញ៉ាំង កុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ដើម្បីឲ្យស្ថិតនៅ មិនឲ្យភ្លេចភ្លាំង ទៅ ឲ្យចម្រើនពេញលេញ ធំទូលាយក្រៃលែងឡើង ។