ធម្មិកសូត្រ
ម្នាលភិក្ខុទាំងឡាយ សម័យណាពួកព្រះរាជាមិនប្រកបដោយ ធម៌ សម័យនោះ ពួកខ្ញុំរាជការក៏មិនប្រកបដោយធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការមិនប្រកបដោយធម៌ សម័យនោះ ពួកព្រាហ្មណ៍ និង គហបតីក៏មិនប្រកបដោយធម៌ដែរ កាលពួកព្រាហ្មណ៍ និងគហបតីមិនប្រកបដោយ ធម៌ហើយ សម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏មិនប្រកបដោយ ធម៌ដែរ កាលអ្នកនិគម និងអ្នកជនបទ មិនប្រកបដោយធម៌ ព្រះចន្ទ និងព្រះអាទិត្យ ក៏គោចរទៅមិនស្មើដែរ កាលព្រះចន្ទ និងព្រះអាទិត្យគោចរ ទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្សក៏គោចរទៅមិនស្មើដែរ កាលពួកផ្កាយ នក្ខត្តឫក្សគោចរទៅមិនស្មើ យប់ និងថ្ងៃក៏ប្រព្រឹត្តទៅមិនស្មើដែរ កាល យប់ និងថ្ងៃប្រព្រឹត្តទៅមិនស្មើ ខែ និងកន្លះខែក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខែ និងកន្លះខែប្រព្រឹត្តទៅមិនស្មើ វដូវ និងឆ្នាំក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលរដូវ និងឆ្នាំប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ កាលខ្យល់បក់មិនស្មើ ខ្យល់បក់ខុសផ្លូវទាំងឡាយ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខ្យល់បក់ខុស ផ្លូវទាំងឡាយ ប្រព្រឹត្តទៅមិនស្មើ ទេវតាទាំងឡាយខឹងសម្បា កាលទេវតា ទាំងឡាយខឹងសម្បា ភ្លៀងក៏មិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ កាលភ្លៀង មិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ ស្រូវទាំងឡាយក៏ឲ្យផលមិនស្មើល្អ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស កាលបរិភោគស្រូវឲ្យផលមិនស្មើ រមែង មានអាយុខ្លី មានសម្បុរអាក្រក់ មានកម្លាំងតិច មានអាពាធច្រើន ។