កុសិនារាសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅនាចន្លោះ ដើមសាលព្រឹក្សទាំងគូ ក្នុងសាលវន នៃស្តេចមល្លៈទាំងឡាយ ជាទីបត់ ចូលទៅក្នុងក្រុង ជិតនគរកុសិនារា ក្នុងសម័យជិតបរិនិព្វាន ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុ ទាំងនោះទូលព្រះដ៏មានព្រះភាគថា ករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យ ឬសេចក្តីរង្កៀស ចិត្តក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តីមានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរមកចុះ កុំឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយថា ព្រះសាស្តារបស់យើងគង់នៅក្នុងទីចំពោះមុខ ពួកយើង មិនបានទូលសួរព្រះដ៏មានព្រះភាគ ចំពោះព្រះភក្ត្រសោះ ។ កាលព្រះ ដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ ពួកភិក្ខុទាំងនោះក៏នៅស្ងៀម ។ ព្រះដ៏ មានព្រះភាគត្រាស់នឹងពួកភិក្ខុជាគម្រប់ពីរដងទៀត … ព្រះដ៏មានព្រះភាគ ត្រាស់នឹងពួកភិក្ខុជាគម្រប់បីដងទៀតថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តី សង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរ មកចុះ កុំមានសេចក្តីក្តៅក្រហាយស្តាយក្រោយថា ព្រះសាស្តារបស់យើង គង់នៅក្នុងទីចំពោះមុខ ពួកយើងមិនបានទូលសួរព្រះដ៏មានព្រះភាគ ចំពោះ ព្រះភក្ត្រសោះ ។