អដ្ឋកថាកុសិនារាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងកុសិនារាសូត្រទី ៦ ដូចតទៅនេះ បទថា ឧបវត្តនេ បានដល់ ក្នុងទីកណ្តាលនៃជួររាំងភ្នំដែលនៅទិសខាងកើត ដុះរៀង គ្នាព័ទ្ធទៅទិសខាងជើង ។ បទថា អន្តរេ យមកសាលានំ បានដល់ ក្នុង រវាងដើមរាំងភ្នំ ២ ដើម ។ បទថា កង្ខា បានដល់ ការងឿងឆ្ងល់ ។ បទ ថា វិមតិ គឺមិនអាចសម្រេចបាន ។ សេចក្តីសង្ខេបក្នុងសេចក្តីនេះ មាន ដូច្នេះថា ភិក្ខុរូបណា គប្បីកើតសេចក្តីសង្ស័យថា ព្រះពុទ្ធ ឬមិនមែនព្រះពុទ្ធ ព្រះធម៌ ឬមិនមែនព្រះធម៌ ព្រះសង្ឃ ឬមិនមែនសង្ឃ មគ្គ ឬមិនមែនមគ្គ បដិបទា ឬមិនមែនបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកចួរសួរចុះ តថាគតនឹងប្រាប់សេចក្តីនោះ ដល់ភិក្ខុរូបនោះ ដូច្នេះ ។ បទថា សត្ថុគារវេនបិ ន បុច្ឆេយ្យាថ សេចក្តីថា បើពួកអ្នកមិនសួរ ព្រោះគោរពក្នុងព្រះសាស្តាយ៉ាងនេះថា ពួកយើងបួសក្នុងសម្នាក់របស់ព្រះសាស្តា សូម្បីបច្ច័យ ៤ ជារបស់ព្រះសាស្តានៃពួកយើង ពួកយើងទាំងនោះ មិនសង្ស័យមកអស់កាលមានប្រមាណបុណ្ណេះហើយក៏ មិនគួរធ្វើសេចក្តី សង្ស័យក្នុងថ្ងៃនេះ ដែលជាបច្ឆិមកាល ។ ដោយបទថា សហាយកោបិ ភិក្ខវេ សហាយកស្ស អារោចេតុ ទ្រង់សម្តែងថា បណ្តាពួកអ្នក ភិក្ខុណាជា សម្លាញ់ ឃើញសម្លាញ់ស្និទ្ធស្នាលរបស់ភិក្ខុណា ភិក្ខុនោះចូរប្រាប់ដល់ ភិក្ខុនោះ តថាគតនឹងប្រាប់ដល់ភិក្ខុមួយរូប ពួកអ្នកគប្បីស្តាប់ពាក្យរបស់ភិក្ខុ នោះ ហើយក៏នឹងនាំគ្នាអស់នូវសេចក្តីសង្ស័យ ។ បទថា ឯវំ បសន្នោ សេចក្តីថា ខ្ញុំព្រះអង្គជឿយ៉ាងនេះ ។ បទថា ញាណមេវ សេចក្តីថា ញាណដែលធ្វើឲ្យប្រចក្ស ដល់ភាវៈដែលភិក្ខុមិនមានសេចក្តីសង្ស័យ មិន មែនត្រឹមតែការជឿរបស់តថាគតក្នុងសេចក្តីនេះ ។ បទថា ឥមេសំ ហិ អានន្ទ សេចក្តីថា បណ្តាភ