អដ្ឋកថាអចិន្តេយ្យសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអចិន្តេយ្យសូត្រទី ៧ ដូចតទៅនេះ បទថា អចិន្តេយ្យានិ បានដល់ មិនគួរគិត ។ បទថា ន ចិន្តេតព្វានិ សេចក្តីថា បុគ្គលមិនគួរគិត ព្រោះជាអចិន្តេយ្យនោះឯង ។ បទថា យានិ ចិន្តេន្តោ គឺ គិតវត្ថុដែលមិនមានហេតុពួកណា ។ បទថា ឧម្មាទស្ស បានដល់ ភាពជា មនុស្សឆ្កួត ។ បទថា វិឃាតស្ស គឺជាទុក្ខ ។ បទថា ពុទ្ធវិសយោ ប្រែថា វិស័យរបស់ព្រះពុទ្ធទាំងឡាយ គឺប្រព្រឹត្តទៅ និងអានុភាពរបស់ពុទ្ធគុណ មានសព្វញ្ញុតញ្ញាណជាដើម ។ បទថា ឈានវិសយោ បានដល់ ឈានវិស័យក្នុងអភិញ្ញា ។ បទថា កម្មវិបកោ បានដល់ វិបាករបស់កម្ម មានកម្ម ដែលគប្បីសោយផលក្នុងបច្ចុប្បន្នជាដើម ។ បទថា លោកចិន្តា សេចក្តី ថា លោកចិន្តា គឺការគិតរឿងលោក ដូចជាគិតថា អ្នកណាហ្ន៎ សាងព្រះចន្ទន ិងព្រះអាទិត្យ អ្នកណាហ្ន៎ សាងមហាប្រឹថពី អ្នកណាហ្ន៎ សាងមហាសមុទ្រ អ្នកណាហ្ន៎ សាងសត្វឲ្យកើត អ្នកណាសាងភ្នំ អ្នកណាហ្ន៎ សាងដើមស្វាយ ដើមត្នោត និងដើមដូងជាដើម ដូច្នេះ ។