អដ្ឋកថាទក្ខិណាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទក្ខិណាសូត្រទី ៨ ដូចតទៅនេះ បទថា ទក្ខិណាវិសុទ្ធិយោ បានដល់ ហេតុទាំងឡាយនៃសេចក្តីបរិសុទ្ធ នៃទក្ខិណា គឺទាន ។ បទថា ទាយកតោ វិសុជ្ឈតិ សេចក្តីថា រមែងបរិសុទ្ធដោយ ការមានផលច្រើន ។ បទថា កល្យាណធម្មោ គឺជាអ្នកមានធម៌ស្អាត ។ បទថា បបធម្មោ គឺជាអ្នកមានបាបធម៌ ។ ក្នុងបទថា ទាយកតោ វិសុជ្ឈតិ នេះ គួរពោលដល់វេស្សន្តរមហារាជ ។ បានឮថា វេស្សន្តរមហារាជនោះឲ្យ ទារកដល់ព្រាហ្មណ៍ឈ្មោះជូជក ធ្វើមហាប្រឹថពីឲ្យញាប់ញ័រហើយ ក្នុងបទថា បដិគ្គាហកតោ វិសុជ្ឈតិ នេះ គួរពោលដល់អ្នកប្រមង់ ដែលនៅត្រង់ មាត់ស្ទឹងកល្យាណី ។ បានឮថា អ្នកប្រមង់នោះបានប្រគេនបិណ្ឌបាត ៣ ដង ដល់ព្រះទីឃសុមនត្ថេរ ដេកលើគ្រែមរណៈ ពោលថា បិណ្ឌបាតដែលបាន ប្រគេនដល់លោកម្ចាស់ ទីឃសុមនត្ថេរលើកខ្ញុំឡើងបាន ។ ក្នុងបទថា នេវ ទាយកតោ នេះ គួរពោលដល់នាយព្រានក្នុងស្រុកវឌ្ឍមាន បានឮថា ព្រាននោះ កាលធ្វើបុណ្យ ឧទ្ទិសដើម្បីអ្នកស្លាប់ហើយ ទើបបានឲ្យដល់ បដិគ្គាហកជាអ្នកទ្រុស្តសីលតែម្នាក់អស់ ៣ ដង ។ ក្នុងគ្រាទី ៣ អមនុស្ស គឺអ្នកស្លាប់ទៅកើតជាប្រេតស្រែកថា បដិគ្គាហកទ្រុស្តសីលប្លន់ខ្ញុំ ដូច្នេះ ។ ទក្ខិណាដែលអាចដល់បុគ្គលអ្នកស្លាប់នោះ ក្នុងកាលទក្ខិណាដែលបុគ្គលនោះ ថ្វាយដល់ភិក្ខុដែលមានសីលមួយរូបហើយ ។ ក្នុងបទថា ទាយកតោ ចេវ វិសុជ្ឈិ បដិគ្គាហកតោ ច នេះ បណ្ឌិតគួរពោលអសទិសទាននោះ ឯង ។