អដ្ឋកថាវណិជសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវណិជសូត្រទី ៩ ដូចតទៅនេះ បទថា តាទិសា វ សេចក្តីថា ការលក់ដូរដូចគ្នានោះ គឺស្រដៀងគ្នានោះ ។ បទថា ឆេទគាមិនី ហោតិ គឺមិនចំណេញ អធិប្បាយថា ផលចំណេញ ដែល ប្រាថ្នាសាបសូន្យអស់ ។ បទថា ន យថាធិប្បាយា ហោតិ សេចក្តីថា បាន ដល់ផលកម្រៃមិនសមតាមប្រាថ្នា ។ បទថា បរាធិប្បាយា ហោតិ សេចក្តី ថា បានផលកម្រៃលើស គឺច្រើនជាងដែលខ្លួនប្រាថ្នា ។ ក្នុងបទថា សមណំ វា ព្រាហ្មណំ វា នេះ គប្បីជ្រាបថា ជាសមណៈ ឬព្រាហ្មណ៍ ព្រោះមាន បាបស្ងប់ហើយ មានបាបដែលបន្សាត់ចោលហើយ ។ បទថា វទ ភន្តេ បច្ចយេន សេចក្តីថា រមែងបវារណា គឺនិមន្តយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់ គប្បីសូមបច្ច័យ ៤ មានចីវរជាដើមបាន ។ បទថា យេន បវារេតិ សេចក្តីថា បុគ្គលនោះ រមែងបវារណាកំណត់ដោយបច្ច័យណា ។ បទថា តំ ន ទេតិ សេចក្តីថា បុគ្គលនោះមិនប្រគេនបច្ច័យនោះគ្រប់ប្រការ ។ បទថា តំ ន យថាធិប្បាយំ ទេតិ សេចក្តីថា បុគ្គលនោះរមែងមិនអាច ប្រគេនបច្ច័យនោះតាមដែលសមណព្រាហ្មណ៍នោះ បំណង គឺប្រគេនបន្ថយ ចុះ ។ បទថា យថាធិប្បាយំ ទេតិ សេចក្តីថា សមណព្រាហ្មណ៍នោះ រមែងប្រាថ្នាបច្ច័យបុនណា ក៏ប្រគេនបច្ច័យបុណ្ណោះ ។ បទថា បរាធិប្បាយំ ទេតិ សេចក្តីថា បុគ្គលនោះ បវារណាបច្ច័យទុកតិចតួច តែប្រគេនច្រើន