អដ្ឋកថាកមោជសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងកម្ពោជសូត្រទី ១០ ដូចតទៅនេះ បទថា នេវ សភាយំ និសីទតិ សេចក្តីថា មាតុគ្រាមរមែងមិនអង្គុយក្នុងសភា វិនិច្ឆ័យ ដើម្បីធ្វើការវិនិច្ឆ័យ ។ បទថា ន កម្មន្តំ បយោជេតិ សេចក្តីថា មិនប្រកបការងារធំ មានកសិកម្ម និងពាណិជ្ជកម្មជាដើម ។ បទថា ន កម្ពោជំ គច្ឆតិ សេចក្តីថា មិនទៅកាន់ដែនកម្ពោជដើម្បីប្រមូលភោគទ្រព្យ ។ ពាក្យនោះ ត្រឹមតែជាមាតិកាបុណ្ណោះ អធិប្បាយថា មិនទៅខាងក្រៅដែន ណាមួយ ។ ក្នុងបទជាដើមថា កោធនោ សេចក្តីថា មាតុគ្រាមត្រូវសេចក្តី ក្រោធចោមរោមហើយ ឈ្មោះថា មិនស្គាល់ប្រយោជន៍ និងមិនជាប្រយោជន៍ ព្រោះសេចក្តីក្រោធ ។ ឈ្មោះថា មិនអត់ធន់ក្នុងសម្បត្តិរបស់អ្នកដទៃ ព្រោះច្រើនដោយសេចក្តីច្រណែន ។ ឈ្មោះថា មិនអាចនឹងឲ្យទ្រព្យ ទៅធ្វើកិច្ចដែលគួរធ្វើបាន ព្រោះច្រើនដោយសេចក្តីកំណាញ់ ឈ្មោះថា មិន អាចធ្វើកិច្ចដែលគួរធ្វើបាន ព្រោះមិនមានបញ្ញា ព្រោះដូច្នោះ ទើបមាតុគ្រាម មិនធ្វើការអង្គុយក្នុងសភាជាដើម ដូច្នេះ ។