សំយោជនសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺសមណៈមិនរំភើប ១ សមណៈ ឈូកស ១ សមណៈឈូកក្រហម ១ សមណៈចម្រើនដោយសុខ ក្នុងពួកស មណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសោតាបន្នបុគ្គល មិន បានធ្លាក់ចុះក្នុងអបាយជាធម្មតា ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្ត ទៅខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាសមណៈមិនរំភើប យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា សមណៈឈូកស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសកទាគាមិបុគ្គល ព្រោះអស់សញ្ញោជនៈ ៣ ទាំងមានរាគៈ ទោសៈ មោហៈស្រាលស្តើង មកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុតនៃទុក្ខ បាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាឱបបាតិកកំណើត រលត់កិលេសក្នុង ទីនោះ មិនបានត្រឡប់ចាកលោកនោះមកវិញទេ ព្រោះអស់ឱរម្ភាគិយសញ្ញោជនៈទាំង ៥ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចម្រើនដោយ សុខក្នុងពួកសមណៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ ចម្រើនដោយសុខក្នុងពួកសមណៈ យ៉ាងនេះឯង ។