បឋមសមាធិសូត្រ
ក្បាលទី 28 · ទំព័រ 130
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈខាងក្នុងសន្តាន មិនបាននូវ អធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈខាងក្នុង សន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក ។