អដ្ឋកថាតតិយសមាធិសូត្រ
ក្បាលទី 28 · ទំព័រ 138
គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយសមាធិសូត្រទី ៤ ដូចតទៅនេះ បទថា ឯវំ ខោ អាវុសោ សង្ខារា ទដ្ឋព្វា ជាដើម គប្បីឃើញអត្ថយ៉ាង នេះថា អាវុសោទាំងឡាយ ធម្មតាសង្ខារទាំងឡាយគប្បីពិចារណាដោយភាពជា របស់មិនទៀង គប្បីកំណត់ដោយការមិនទៀង គប្បីឃើញច្បាស់ដោយ ការមិនទៀង ដោយភាពជាទុក្ខ ដោយភាពជាអនត្តាក៏យ៉ាងនោះ ដូច្នេះ ។ ក្នុងបទថា ឯវំ ខោ អាវុសោ ចិត្តំ សណ្ឋបេតព្វំ ជាដើម គប្បីឃើញអត្ថ យ៉ាងនេះថា អាវុសោទាំងឡាយ ចិត្តគប្បីតាំងនៅបានដោយអំណាច បឋមជ្ឈាន គប្បីបង្អោនចិត្តទៅដោយអំណាចបឋមជ្ឈាន គប្បីធ្វើអារម្មណ៍ឲ្យ ជាឯកគ្គតាដោយអំណាចបឋមជ្ឈាន គប្បីឲ្យជាសមាធិដោយបឋមជ្ឈាន ចិត្ត គប្បីតាំងនៅបានដោយអំណាចទុតិយជ្ឈានជាដើម ក៏យ៉ាងនេះ ដូច្នេះ ។ ក្នុង ព្រះសូត្រទាំង ៣ នេះ ទ្រង់ត្រាស់សមថៈ និងវិបស្សនាជាលោកិយ និង លោកុត្តរតែម្យ៉ាង ។