អដ្ឋកថាឆវាលាតសូត្រ

ក្បាលទី 28 · ទំព័រ 140

គប្បីជ្រាបវិនិច្ឆ័យក្នុងឆវាលាតសូត្រទី ៥ ដូចតទៅនេះ បទថា ឆវាលាតំ បានដល់ ឧសដែលដុតសពក្នុងព្រៃខ្មោច ។ បទថា មជ្ឈេគូថគតំ បានដល់ ត្រង់កណ្តាល ក៏ប្រឡាក់លាមក ។ បទថា នេវ គាមេ កដ្ឋត្ថំ ផរតិ សេចក្តីថា មិនសម្រេចប្រយោជន៍ដែលជាគ្រឿងឈើក្នុងផ្ទះ ព្រោះមិនគួរនាំចូលទៅដើម្បីជាប្រយោជន៍ដល់ទព្វសម្ភារៈ មានធ្នឹម បង្កង់ ដំបូល សសរ និងជណ្តើរជាដើម មិនសម្រេចប្រយោជន៍ ដែលប្រើជា គ្រឿងឈើក្នុងព្រៃ ព្រោះមិនគួរនាំចូលទៅធ្វើទ្រនល់ខ្ទមក្នុងស្រែ ឬជើងគ្រែ កាលចាប់ត្រង់ចុង ២ ក៏រមែងឆេះដៃ ចាប់ត្រង់កណ្តាលក៏ប្រឡាក់លាមក ។ បទថា តថូបមំ សេចក្តីថា បុគ្គលនោះក៏សមគ្នា ។ បទថា អភិក្កន្តតរោ គឺល្អជាង ។ បទថា បណីតតរោ គឺឧត្តមជាង ។ បទថា គវា ខីរំ បាន ដល់ ទឹកដោះដែលកើតអំពីមេគោ ។ បទថា ខីរម្ញា ទធិ ជាដើម សេចក្តីថា តែរបស់នីមួយៗ ប្រសើរជាងមុនៗ ។ ចំណែកសប្បិមណ្ឌជាកំពូលក្នុង ទឹកដោះជាដើមនោះ ។ ក្នុងបទថា អគ្គោ ជាដើម គប្បីជ្រាបថា ជាបុគ្គល ប្រសើរលើស ជាប្រមុខ ដ៏ឧត្តមដោយគុណទាំងឡាយ ។ បុគ្គលដែល ទ្រុស្តសីល ត្រាស់ប្រៀបដូចឧសដែលដុតសព តែគប្បីជ្រាបថា ត្រាស់ បុគ្គលដែលមានសុតៈតិច និងលះការងារប្រៀបដូចគោ ដូច្នេះ ។