បឋមវលាហកសូត្រ

ក្បាលទី 28 · ទំព័រ 160

សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធ ដីការបស់ព្រះដ៏មានព្រះភាគថា ករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មេឃនេះមាន ៤ យ៉ាង ។ មេឃ ៤ យ៉ាង ដូចម្តេចខ្លះ ។ គឺមេឃគ្រហឹមឥតភ្លៀង ១ មេឃបង្អុរភ្លៀងឥតគ្រហឹម ១ មេឃទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ មេឃគ្រហឹមផង បង្អុរភ្លៀង ផង ១ ។ ម្នាលភិក្ខុទាំងឡាយ មេឃមាន ៤ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឧបមាដោយមេឃនេះមាន ៤ ពួក រមែងមាននៅក្នុង លោកដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលជាអ្នក គ្រហឹមឥតបង្អុរភ្លៀង ១ បង្អុរភ្លៀងឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិន បង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាអ្នកគ្រហឹមឥតបង្អុរភ្លៀង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ខ្លះ ក្នុងលោកនេះ ជាអ្នកបានតែនិយាយ តែមិនធ្វើ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹមឥតបង្អុរភ្លៀង យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មេឃនោះគ្រហឹមឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកបង្អុរភ្លៀងឥតគ្រហឹម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើ តែមិននិយាយ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលជាអ្នកបង្អុរភ្លៀងឥតគ្រហឹមយ៉ាងនេះឯង ។