កេសីសូត្រ
គ្រានោះ កេសីជាសារថី អ្នកបង្ហាត់សេះដែលគួរបង្ហាត់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ថ្វាយបង្គំព្រះ ដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះកេសីជាសារថីអ្នកបង្ហាត់ សេះដែលគួរបង្ហាត់ អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ដូច្នេះថា ម្នាលកេសី ខ្លួនអ្នក គេតែងដឹងច្បាស់ថា ជាសារថី អ្នក បង្ហាត់សេះដែលគួរបង្ហាត់ ម្នាលកេសី ចុះអ្នកបង្ហាត់សេះដែលគួរបង្ហាត់ដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបង្ហាត់សេះដែលគួរបង្ហាត់ដោយ ល្អខ្លះ ដោយអាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ ។ ម្នាលកេសី ប្រសិនបើ សេះដែលគួរបង្ហាត់របស់អ្នក ប្រើវិធីបង្ហាត់ដោយល្អក៏មិនបាន ប្រើវិធីបង្ហាត់ ដោយអាក្រក់ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន ចុះ អ្នកធ្វើសេះនោះដូចម្តេចទៅវិញ ។ បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើសេះ ដែលគួរបង្ហាត់របស់ខ្ញុំព្រះអង្គ ប្រើវិធីបង្ហាត់ដោយល្អក៏មិនបាន ប្រើវិធីបង្ហាត់ ដោយអាក្រក់ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គក៏សម្លាប់សេះនោះចោល ។ ដំណើរនោះ ព្រោះ ហេតុអ្វី ។ ព្រោះថា កុំឲ្យមានពាក្យដំនៀលដល់ត្រកូលនៃអាចារ្យរបស់ខ្ញុំ ព្រះអង្គឡើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ជាសារថី ទូន្មាន នូវបុរសដែលគួរទូន្មាន រកបុគ្គលណាមួយស្មើគ្មាន បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគ ទ្រង់ណែនាំបុរសដែលគួរទូន្មាន តើដូចម្តេច ។ ម្នាល កេសី តថាគតរមែងណែនាំបុរសដែលគួរទូន្មានដោយល្អខ្លះ ដោយអាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ ។