ជវសូត្រ
ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យប្រកបដោយអង្គ ៤ ជាសេះចម្រើនរបស់ស្តេច គួរដល់ស្តេច ទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ ថាជាអង្គរបស់ស្តេច ។ ប្រកបដោយអង្គ ៤ ដូចម្តេចខ្លះ ។ គឺប្រកបដោយ សេចក្តីស្មោះត្រង់ ១ ដោយសន្ទុះ ១ ដោយអំណត់ ១ ដោយការស្ងប់ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យប្រកបដោយអង្គ ៤ នេះ ជាសេះ ចម្រើនរបស់ស្តេច គួរដល់ស្តេច ទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ក៏ដូច្នោះ ដែរ គឺជាអ្នកគួរគេបូជា គួរទទួលនូវអាគន្តុកទាន ជាអ្នកគួរទទួលនូវ ទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរនៃសត្វលោក ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺប្រកបដោយសេចក្តីស្មោះ ត្រង់ ១ ដោយសន្ទុះ ១ ដោយអំណត់ ១ ដោយការស្ងប់ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ ឈ្មោះថា ជាអ្នកគួរ ទទួលនូវទាន ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរនៃសត្វលោក ។