នាគសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបតោទសូត្រទី ៣ ដូចតទៅនេះ បទថា បតោទច្ឆាយំ សេចក្តីថា ស្រមោលនៃជន្លួញដែលលើកឡើងដើម្បីចាក់ ។ បទថា សំវិជតិ សេចក្តីថា តក់ស្លុតដោយការកំណត់ថា អាត្មាអញ ត្រូវ បង្កើនថ្វីជើង ។ បទថា សំវេគំ អាបជ្ជតិ សេចក្តីថា ចាក់ឲ្យខ្លាច ។ បទថា លោមវេធវិទ្ធោ សេចក្តីថា លុះត្រូវជន្លួញចាក់ត្រង់រណ្តៅរោម ។ បទថា ចម្មវេធវិទ្ធោ សេចក្តីថា យកជន្លួញចាក់ទម្លុះស្បែក ។ បទថា អដ្ឋិវេធវិទ្ធោ សេចក្តីថា យកជន្លួញចាក់ទម្លុះដល់ឆ្អឹង ។ បទថា កាយេន គឺដោយនាមកាយ ។ បទថា បរមសច្ចំ គឺនិព្វាន ។ បទថា សច្ឆិករោតិ គឺពាល់ត្រូវ ។ បទថា បញ្ញាយ គឺមគ្គប្បញ្ញា មួយអន្លើដោយវិបស្សនា ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយ អង្គ ៤ ជាដំរីគួរដល់ស្តេច ទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថា ជាអង្គ របស់ស្តេច ។ ប្រកបដោយអង្គ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមានត្រចៀក ( វៃ ) ១ ជាសត្វបៀតបៀន ១ ជាសត្វអត់ធ្មត់ ១ ជាសត្វដើរ ( លឿន ) ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វមានត្រចៀក ( វៃ ) តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេចក្នុងលោកនេះ សារថីអ្នកបង្ហាត់នូវដំរី ដែលគួរបង្ហាត់ ឲ្យធ្វើនូវហេតុណា ទោះបីខ្លួនធ្លាប់ ធ្វើក្តី ទោះបីខ្លួនមិនធ្លាប់ធ្វើក្តី ក៏ធ្វើនូវហេតុនោះឲ្យមានប្រយោន៍ ធ្វើទុកក្នុង ចិត្ត ប្រមូលមកនូវហេតុទាំងអស់ដោយចិត្ត មានត្រចៀកផ្ទៀងស្តាប់ ។