អដ្ឋកថាឋានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឋានសូត្រទី ៥ ដូចតទៅនេះ បទថា ឋានានិ បានដល់ ហេតុ ។ បទថា អនត្ថាយ សំវត្តតិ សេចក្តីថា រមែងប្រព្រឹត្តទៅដើម្បីមិនមែនជាប្រយោជន៍ ដើម្បីមិនមែនសេចក្តីចម្រើន ក្នុងពាក្យនេះ គប្បីជ្រាបកុសលកម្មដែលសម្បយុត្តដោយសោមនស្ស ក្នុងបទ ជាដើមយ៉ាងនេះថា បាបកម្ម មានទុក្ខ មានការចង្អៀតចង្អល់ មានការជីក អណ្តូង ចាប់ត្រី កាត់ជញ្ជាំងរបស់បុគ្គលនោះជាដើម គប្បីជ្រាបថា ជាឋានៈ ទី ១ ។ ការងារ មានការចាក់សំរាមជាដើម និងការងារ មានការបូកលាប បាយ-អ ប្រក់ផ្ទះ បោសទីមិនស្អាតជាដើម សម្រាប់គ្រហស្ថដែលចិញ្ចឹមជីវិត ដោយប្រពៃ គប្បីជ្រាបថា ជាឋានៈទី ២ កម្ម មានការផឹកសុរា លាបគ្រឿង ក្រអូប និងការប្រដាប់ផ្កាជាដើម និងកម្ម មានបាណាតិបាតជាដើម ដែល ប្រព្រឹត្តទៅហើយ ដោយអំណាចសេចក្តីត្រេកអរ គប្បីជ្រាបថា ជាឋានៈទី ៣ កុសលកម្មដែលប្រកបដោយសោមនស្ស ក្នុងកិច្ចកម្មជាដើមយ៉ាងនេះ គឺការ ស្លៀកដណ្តប់សំពត់ស្អាត កាន់យកផ្កា និងគ្រឿងក្រអូបជាដើមទៅក្នុងវេលា ស្តាប់ធម៌ ការថ្វាយបង្គំព្រះចេតិយ ការថ្វាយបង្គំដើមពោធិ៍ ការស្តាប់ធម្មកថា ដ៏ពីរោះ ការសមាទានសីល ៥ គប្បីជ្រាបថា ជាឋានៈទី ៤ ។ បទថា បុរិសថាមេ សេចក្តីថា ក្នុងកម្លាំង គឺញាណរបស់បុរស ។ ក្នុងបទដ៏សេស ក៏មានន័យដូច្នេះ ។