អារក្ខសូត្រ
ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនប្រមាទ គឺការថែរក្សាចិត្ត ដោយសតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនក្នុងហេតុ ៤ យ៉ាង ។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្តដោយ សតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញកុំត្រេកត្រអាល ទៅ ក្នុងធម៌ទាំងឡាយ ដែលគួរត្រេកត្រអាលឡើយ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្តដោយសតិ ដែលបុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញ កុំប្រទូស្តក្នុងធម៌ទាំងឡាយ ដែលគួរប្រទូស្តឡើយ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សានូវចិត្តដោយសតិ បុគ្គលគួរធ្វើតាម សមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញកុំភ័ន្តច្រឡំក្នុងធម៌ទាំងឡាយ ដែលគួរ ភ័ន្តច្រឡំ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្តដោយសតិ បុគ្គល គួរធ្វើតាមសមគួរដល់ខ្លួនថា អាត្មាអញកុំស្រវឹងក្នុងធម៌ទាំងឡាយ ដែលគួរ ស្រវឹងឡើយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុមានចិត្តមិនត្រេកអរ ក្នុងធម៌ដែលគួរត្រេកអរ ព្រោះប្រាសចាករាគៈ មានចិត្តមិនប្រទូស្តក្នុងធម៌ ដែលគួរប្រទូស្ត ព្រោះប្រាសចាកទោសៈ មានចិត្តមិនវង្វេងក្នុងធម៌ដែលគួរ វង្វេង ព្រោះប្រាសចាកមោហៈ មានចិត្តមិនស្រវឹងក្នុងធម៌ដែលគួរស្រវឹង ព្រោះប្រាសចាកសេចក្តីស្រវឹង ភិក្ខុនោះមិនញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិនដល់នូវសេចក្តីតក់ស្លុត ទាំងមិនប្រព្រឹត្តទៅ ព្រោះហេតុតែពាក្យរបស់ សមណៈ ។