អដ្ឋកថាសំវេជនីយសូត្រ
ក្បាលទី 28 · ទំព័រ 216
គប្បីជ្រាបវិនិច្ឆ័យក្នុងសំវេជនីយសូត្រទី ៨ ដូចតទៅនេះ បទថា ទស្សនីយានិ ប្រែថា ដែលគួរឃើញ ។ បទថា សំវេជនីយានិ បានដល់ ទីដែលឲ្យកើតសេចក្តីសង្វេគ ។ បឋមភយសូត្រទី ៩ និងទុតិយភយសូត្រទី ១០ ម្នាលភិក្ខុទាំងឡាយ ភ័យនេះមាន ៤ យ៉ាង ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ ។ គឺជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ។ ម្នាលភិក្ខុទាំងឡាយ ភ័យមាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភ័យនេះមាន ៤ យ៉ាង ។ ភ័យ ៤ យ៉ាងដូចម្តេចខ្លះ ។ គឺអគ្គិភ័យ ១ ឧទកភ័យ ១ រាជភ័យ ១ ចោរភ័យ ១ ។ ម្នាល ភិក្ខុទាំងឡាយ ភ័យមាន ៤ យ៉ាងនេះឯង ។ កេសីវគ្គទី ២ ចប់ ឧទ្ទាននៃកេសីវគ្គនោះ គឺ និយាយអំពីសារថី អ្នកបង្ហាត់សេះឈ្មោះកេសី ១ អំពីសន្ទុះ ១ អំពី ជន្លួញ ១ អំពីដំរីដ៏ប្រសើរ ១ អំពីហេតុជាគម្រប់ប្រាំ ១ អំពីសេចក្តី មិនប្រមាទ គឺការថែរក្សាចិត្តដោយសតិ ១ អំពីហេតុ ដែលគួរសង្វេគ ១ អំពីភ័យមានពីរលើក ។