បឋមភយសូត្រ
ម្នាលភិក្ខុទាំងឡាយ ភ័យនេះមាន ៤ យ៉ាង ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ ។ គឺអត្តានុវាទភ័យ ( ភ័យអំពីការតិះដៀលខ្លួនឯង ) ១ បរានុវាទភ័យ ( ភ័យអំពីការតិះដៀលរបស់បុគ្គលដទៃ ) ១ ទណ្ឌភ័យ ( ភ័យ អំពីទណ្ឌកម្ម ) ១ ទុគ្គតិភ័យ ( ភ័យអំពីទុគ្គតិ គឺអបាយទាំងបួន ) ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះអត្តានុវាទភ័យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើខ្លួនអញប្រព្រឹត្ត ទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើខ្លួន អញ នឹងមិនតិះដៀលខ្លួនឯងព្រោះសីលទេឬ បុគ្គលនោះក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីការតិះដៀលខ្លួនឯង ហើយលះបង់កាយទុច្ចរិត ចម្រើន កាយសុចរិត លះបង់វចីទុច្ចរិត ចម្រើនវចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅអត្តានុវាទភ័យ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរានុវាទភ័យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើ អញ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត តើបុគ្គលដទៃ នឹងមិនតិះដៀលខ្លួនអញព្រោះសីលទេឬ បុគ្គល នោះក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីការតិះដៀលរបស់បុគ្គលដទៃ ហើយលះបង់កាយទុច្ចរិត ចម្រើនកាយសុចរិត លះបង់វចីទុច្ចរិត ចម្រើន វចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិតត្រ ឡប់រក្សាខ្លួនឲ្យ ស្អាតវិញ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បរានុវាទភ័យ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះទណ្ឌភ័យ តើដូចម្តេច ។