អដ្ឋកថាបឋមជ្ឈានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមជ្ឈានសូត្រទី ៣ ដូចតទៅនេះ បទថា តទស្សាទេតិ សេចក្តីថា រមែងជាប់ចិត្តក្នុងឈាននោះ ដោយជាប់ចិត្ត ក្នុងសុខ ។ បទថា និកាមេតិ ប្រែថា នៅប្រាថ្នានៅឡើយ ។ បទថា វិត្តឹ អាបជ្ជតិ គឺដល់នូវការត្រេកអរ ។ បទថា តទធិមុត្តោ គឺដោតចិត្តក ្នុងឈាននោះ ឬបង្អោនចិត្តទៅកាន់ឈាននោះ ។ បទថា តព្វហុលវិហារី បានដល់ ច្រើនដោយឈាននោះ ។ បទថា សហព្យត្តំ ឧបបជ្ជតិ សេចក្តី ថា រមែងទៅនៅរួមគ្នា គឺរមែងកើតក្នុងទេវតាជាន់វេហប្ផលានោះ ។ ក្នុងបទថា កប្បោ អាយុប្បមាណំ នេះ បឋមជ្ឈានមានទាប កណ្តាល និងប្រណីត ។ ក្នុងបឋមជ្ឈាននោះ ចំណែកទី ៣ នៃកប្ប ជា ប្រមាណអាយុរបស់ទេវតា ដែលកើតឡើងដោយបឋមជ្ឈានជាន់ទាប ពាក់កណ្តាល កប្បជាអាយុរបស់ទេវតា ដែលកើតឡើងដោយបឋមជ្ឈានថ្នាក់ កណ្តាល មួយកប្ប ជាអាយុរបស់ទេវតាដែលកើតឡើង ដោយបឋមជ្ឈាន ប្រណីត ។ លោកពោលពាក្យនេះ សំដៅដល់សេចក្តីនោះ ។ បទថា និរយំ បិ គច្ឆតិ សេចក្តីថា បុគ្គលដែលនៅជាបុថុជ្ជន រមែងវិលវល់ព្រោះកម្ម ដែលត្រូវទៅនរក បុគ្គលនោះមិនទាន់លះបាន តែមិនមែនតជាប់គ្នា ។ បទថា តស្មឹយេវ ភវេ បរិនិព្វាយតិ សេចក្តីថា សាវ័ករបស់ព្រះមានព្រះភាគ នៅក្នុងរូបភពនោះហើយ តែងបរិនិព្វាន នឹងមិនធ្លាក់ទៅខាងក្រោម ។ បទថា យទិទំ គតិយា ឧបបត្តិយា សតិ សេចក្តីថា កាល គតិកើតឡើង មាន អធិប្បាយថា អរិយសាវ័កដែលជាព្រះសេក្ខៈ មិនធ្លាក់ដោយអំណាចបដិសន្ធិ បរិនិព្វានក្នុងរូបភពនោះឯង គឺក្នុងព្រហ្មលោកខ្ពស់ឡើងទៅ ព្រោះទុតិយជ្ឈាន ជាដើមណាមួយ ឯបុថុជ្ជន រមែងទៅនរកជាដើមបាន នេះជាហេតុផ្សេងគ្នា ។