ទុតិយជ្ឈានសូត្រ

ក្បាលទី 28 · ទំព័រ 237

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ បានដល់ បឋមជ្ឈាន ប្រកបដោយវិតក្ក ប្រកបដោយវិចារៈ មានបីតិ និងសុខ កើត អំពីសេចក្តីស្ងាប់ស្ងាត់ សម្រាន្តនៅ ។ ធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញនូវធម៌ទាំងនោះ ដោយសភាពថាមិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនរបស់ខ្លួន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាពនៃពួកទេវតា ជាន់សុទ្ធាវាស ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ ( ការកើត ) មិនបានទួទៅដល់បុថុជ្ជនទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្ក និងវិចារៈ ។ បេ ។ បានដល់ ទុតិយជ្ឈាន ។ បេ ។ តតិយជ្ឈាន ។ បេ ។ បានដល់ចតុត្ថជ្ឈាន សម្រាន្តនៅ ។ ធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាននៅក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញនូវធម៌ទាំងនោះ ដោយសភាពថាមិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជា អាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនជារបស់ខ្លួន ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ ទៅ រមែងចូលទៅកាន់សហភាពនៃពួកទេវតាជាន់សុទ្ធាវាស ។ ម្នាលភិក្ខុ ទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅដល់បុថុជ្ជនទាំងឡាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក ។