បឋមអច្ឆរិយសូត្រ

ក្បាលទី 28 · ទំព័រ 247

ម្នាលភិក្ខុទាំងឡាយ ហេតុដែលអស្ចារ្យចម្លែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការកើតនៃតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ។ ហេតុ ដែលអស្ចារ្យចម្លែក ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពោធិសត្វច្យុតចាកពួកទេវតាជាន់តុសិត មានស្មារតីដឹងខ្លួន ចុះកាន់ផ្ទៃនៃព្រះមាតា ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់ នូវអានុភាពដ៏ប្រសើររបស់ទេវតាទាំងឡាយ ក៏កើតប្រាកដក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង សមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរកទាំងបុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រខាងក្រោម ជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ រមែងផ្សាយទៅ មិនដល់លោកន្តរិកនរកណា ពន្លឺដ៏លើសលុបប្រមាណមិនបាន កន្លងបង់នូវ អានុភាពដ៏ប្រសើររបស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដក្នុងលោកន្តរិកនរកនោះឯង ពួកសត្វណាដែលកើតក្នុងលោកន្តរិកនរកនោះ សត្វទាំងនោះ ក៏ស្គាល់គ្នានិងគ្នាដោយសារពន្លឺនោះថា ឱហ្ន៎ ពួកសត្វដទៃមកកើតក្នុងទីនេះ ដែរតើ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចម្លែកទី ១ កើតប្រាកដ ឡើង ព្រោះការកើតឡើងនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត ពោធិសត្វមានស្មារតីដឹងខ្លួន ប្រសូតចេញចាកផ្ទៃនៃ ព្រះមាតាក្នុងកាលណា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុដែលអស្ចារ្យ ចម្លែកទី ២ កើតប្រាកដ ព្រោះការកើតនៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគតបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ