អដ្ឋកថាបឋមអច្ឆរិយសូត្រ

ក្បាលទី 28 · ទំព័រ 249

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអច្ឆរិយសូត្រទី ៧ ដូចតទៅនេះ បទថា បតុភាវា គឺព្រោះប្រាកដឡើង ។ ក្នុងបទថា កុច្ឆឹ ឱក្កមតិ នេះ សេចក្តីថា ជាអ្នកចុះកាន់គភ៌ហើយ ។ សេចក្តីពិត កាលព្រះពោធិសត្វនោះ ចុះហើយ ពន្លឺក៏យ៉ាងនោះ កាលកំពុងឈមចុះ ពន្លឺក៏យ៉ាងនោះ ។ បទថា អប្បមាណោ បានដល់ មានប្រមាណបន្ថែមឡើង គឺបរិបូណ៌ទូលំទូលាយ ។ បទថា ឧឡារោ ជាវេវចនៈនៃបទថា អប្បមាណោ នោះឯង ។ ក្នុងបទថា ទេវានំ ទេវានុភាវំ នេះ បានដល់ អានុភាពដែលមិនមានប្រមាណរបស់ ពួកទេវតា រស្មីរបស់សំពត់ស្លៀកផ្សាយទៅបាន ១២ យោជន៍ របស់សរីរៈ ក៏យ៉ាងនោះ របស់វិមានក៏យ៉ាងនោះ អធិប្បាយថា កន្លងទេវានុភាពនៃទេវតា ទាំងនោះ ។ បទថា លោកន្តរិកា សេចក្តីថា ទីទទេក្នុងរវាង ៣ ចក្រវាឡ មានលោកន្តរិកនរក ១ ដូចក្នុងរវាងកង់រទេះទាំង ៣ ដែលដាក់ទល់គ្នា គឺ មានទីទំនេរត្រង់កណ្តាល ។ ក្នុងលោកន្តរិកនរកនោះពោលដោយប្រមាណ បាន ៨០០០ យោជន៍ ។ បទថា អឃា គឺបើកជានិច្ច ។ បទថា អសំវុតា គឺមិនមានឋានៈ គឺទីតាំងខាងក្រោម ។ បទថា អន្ធការា គឺងងឹត ។ បទថា អន្ធការតិមិសា សេចក្តីថា ប្រកបដោយភាពងងឹត ធ្វើឲ្យដូចភ្នែកខ្វាក់ ព្រោះហាមការកើតឡើងនៃចក្ខុវិញ្ញាណ បានឮថា ចក្ខុវិញ្ញាណមិនកើតក្នុង លោកន្តរិកនរកនោះ ។ បទថា ឯវំមហិទ្ធិកានំ សេចក្តីថា បានឮថា ព្រះចន្ទន ិងព្រះអាទិត្យប្រាកដក្នុងទ្វីបទាំង ៣ ក្នុងពេលតែមួយ ទើបមានឫទ្ធិច្រើន យ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យ រមែងបញ្ចេញនូវពន្លឺកម្ចាត់ងងឹតបាន ៩ សែនយោជន៍ក្នុងទិស ១ ទើបមានអានុភាពច្រើនយ៉ាងនេះ ។