អដ្ឋកថាទុតិយអច្ឆរិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអច្ឆរិយសូត្រទី ៨ ដូចតទៅនេះ បញ្ចកាមគុណ ឬវដ្តៈទាំងមូល ឈ្មោះថា អាល័យ ព្រោះអត្ថថា គប្បីត្រូវ តណ្ហា និងទិដ្ឋិប្រកាន់ ។ ឈ្មោះថា អារាម ព្រោះជាទីត្រេកអរ ។ អាល័យ ដែលជាទីត្រេកអររបស់សត្វនេះ ហេតុនោះ ទើបសត្វនេះ ឈ្មោះថា អាលយារាម គឺមានអាល័យជាទីត្រេកអរ ។ ឈ្មោះថា អាលយរត ព្រោះត ្រេកអរហើយក្នុងអាល័យ ។ ឈ្មោះថា អាលយសម្មុទិត ព្រោះត្រេកអរ ហើយក្នុងអាល័យ ។ បទថា អនាលយេ ធម្មេ សេចក្តីថា អរិយធម៌ អាស្រ័យវិវដ្ត និព្វានដែលផ្ទុយគ្នានឹងអាល័យ ។ បទថា សុស្សុសតិ គឺជា អ្នកប្រាថ្នានឹងស្តាប់ ។ បទថា សោតំ ឱទហតិ ប្រែថា ផ្ទៀងនូវសោតៈ ។ បទថា អញ្ញាចិត្តំ ឧបដ្ឋបេតិ សេចក្តីថា ចូលទៅតាំងចិត្តដើម្បីដឹងទួទៅដល់ ធម៌ ។ បទថា មានោ គឺការសម្គាល់ ឬវដ្តៈទាំងមូលនោះឯង ឈ្មោះ ថា មានះ ព្រោះអត្ថថា ពួកសត្វគប្បីសម្គាល់ ។ បទថា មានវិនយេ ធម្មេ គឺធម៌ដែលជាគ្រឿងកម្ចាត់បង់នូវមានះ ។ ធម៌ដែលផ្ទុយគ្នានឹងសេចក្តីស្ងប់ ឈ្មោះថា អនុបសម ឬវដ្តៈនោះឯង ឈ្មោះថា អនុបសម ព្រោះអត្ថថា មិនស្ងប់ហើយ ។ បទថា ឱបសមិកេ បានដល់ ធម៌ដែលធ្វើនូវការស្ងប់ គឺអាស្រ័យវិវដ្តៈ គឺនិព្វាន ។ ឈ្មោះថា អវិជ្ជាគត ព្រោះទៅ គឺប្រកបដោយ អវិជ្ជា ។ ឈ្មោះថា អន្ធភូត ព្រោះដូចជាមនុស្សខ្វាក់ ព្រោះត្រូវគំនរ ងងឹត គឺអវិជ្ជាបិទបាំង ។ ឈ្មោះថា បរយោនទ្ធា ព្រោះរួបរឹតដោយជុំវិញ ។ ក្នុងបទថា អវិជ្ជាវិនយេ អរហត្ត ហៅថា ធម៌ជាគ្រឿងកម្ចាត់អវិជ្ជា កាល ធម៌ដែលអាស្រ័យធម៌ជាគ្រឿងកម្ចាត់អវិជ្ជានោះ ដែលព្រះតថាគតសម្តែង ។