អដ្ឋកថាតតិយអច្ឆរិយសូត្រ

ក្បាលទី 28 · ទំព័រ 256

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយអច្ឆរិយសូត្រទី ៩ ដូចតទៅ នេះ បទថា ភិក្ខុបរិសា អានន្ទំ ទស្សនាយ សេចក្តីថា ភិក្ខុពួកណា បំណងនឹងគាល់ព្រះមានព្រះភាគ ក៏ចូលទៅរកព្រះថេរៈ ឬភិក្ខុពួកណាបាន ស្តាប់គុណរបស់ព្រះថេរៈថា បានឮថា ព្រះអានន្ទ គួរជ្រះថ្លាដោយជុំវិញ ល្អគួរសរសើរ ជាពហូសូត ជាធម្មកថិក ជាអ្នកធ្វើសង្ឃស្អាត ដូច្នេះ ទើប នាំគ្នាមក ទ្រង់សំដៅដល់ភិក្ខុទាំងនោះ ទើបត្រាស់ថា ភិក្ខុបរិស័ទចូលទៅសួរ សុខទុក្ខអានន្ទ ដូច្នេះ ក្នុងបទទាំងអស់ ក៏ន័យនេះ ។ បទថា អត្តមនា សេចក្តីថា ភិក្ខុបរិស័ទនោះ មានចិត្តត្រេកអរ គឺមានចិត្តត្រេកអរថា ការឃើញ របស់អាត្មាអញ សមគ្នានឹងការស្តាប់មក ។ បទថា ធម្មំ សេចក្តីថា លោកពោលរាក់ទាក់យ៉ាងនេះថា អាវុសោទាំងឡាយ ល្មមប្រព្រឹត្តទៅបានឬ ល្មមញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅបានឬ អ្នកទាំងឡាយ ធ្វើកិច្ចក្នុងយោនិសោមនសិការឬ អ្នកបំពេញអាចរិយវត្ត និងឧបជ្ឈាយវត្តឬ ដូច្នេះ បណ្តា បុគ្គលទាំងនោះ ក្នុងភិក្ខុនីក៏នឹងពោលបដិសណ្ឋារៈផ្សេងគ្នាដូច្នេះថា នែប្អូន ស្រីទាំងឡាយ នាងទាំងឡាយ សមាទានគរុធម៌ ៨ ជាប់លាប់ឬ ដូច្នេះ ។ ក្នុងឧបាសកទាំងឡាយ លោកមិនធ្វើបដិសណ្ឋារៈយ៉ាងនេះ ដោយពាក្យថា ឧបាសកមកល្អហើយ អ្នកមិនឈឺក្បាល ឬអវ័យវៈទេឬ កូនច្បង និងប្អូន ប្រុសរបស់អ្នក មិនមានរោគភ័យទេឬ ដូច្នេះ តែលោកធ្វើបដិសណ្ឋារៈ យ៉ាងនេះថា ឧបាសក ដូចម្តេចទៅហើយ អ្នកចូររក្សាសរណៈ ៣ សីល ៥ ចូរធ្វើឧបោសថ ១ ខែ ៨ ដងចុះ ចូរចិញ្ចឹមមាតាបិតា ចូរទំនុកបម្រុង សមណព្រាហ្មណ៍ដែលទ្រទ្រង់ធម៌ចុះ ដូច្នេះ សូម្បីក្នុងឧបាសិកាទាំងឡាយ ក៏ន័យនេះឯង ។