អដ្ឋកថាចតុត្ថអច្ឆរិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងចតុត្ថអច្ឆរិយសូត្រទី ១០ ដូចតទៅ នេះ បទថា ខត្តិយបរិសា បានដល់ ពួកខត្តិយៈដែលអភិសេក និងមិនទាន់ អភិសេក ។ បានឮថា ខត្តិយៈទាំងនោះ បានស្តាប់កថា ពោលអំពីគុណ របស់ស្តេចចក្រពត្តិនោះថា ធម្មតាស្តេចចក្រពត្តិល្អគួរជ្រះថ្លា ត្រាច់ទៅតាម អាកាសបាន គ្រប់គ្រងរាជសម្បត្តិ ទ្រទ្រង់ធម៌ ជាធម្មរាជា ដូច្នេះ លុះឃើញ សមគ្នានឹងបានស្តាប់មក ក៏ត្រេកអរ ។ បទថា ភាសតិ សេចក្តីថា ស្តេច ចក្រពត្តិបានធ្វើបដិសណ្ឋារៈថា អ្នកជាបុរសស្ត្រីទាំងឡាយ នៅបំពេញ រាជធម៌ រក្សាប្រពៃណីឬ ។ ឯក្នុងព្រាហ្មណ៍ទាំងឡាយ ក៏ធ្វើបដិសណ្ឋារៈ យ៉ាងនេះថា លោកអាចារ្យទាំងឡាយ អ្នកទាំងឡាយបង្រៀនមន្តឬ សិស្ស ទាំងឡាយនៅរៀនមន្តឬ អ្នករមែងបាននូវទក្ខិណាឬ សំពត់ឬ គោក្រហម ខ្លះឬ ។ ក្នុងគហបតីទាំងឡាយ ទ្រង់ធ្វើបដិសណ្ឋារៈយ៉ាងនេះថា នែបា អ្នក មិនត្រូវបៀតបៀនដោយតម្លៃសំណូកទេឬ ដោយគ្រឿងចងអំពីរាជត្រកូល ទេឬ ភ្លៀងធ្លាក់ត្រូវតាមកាលដែរឬ ស្រូវទាំងឡាយ បានផលសម្បូរឬ ។ ក្នុងសមណៈទាំងឡាយ ទ្រង់ធ្វើបដិសណ្ឋារៈយ៉ាងនេះថា លោកម្ចាស់ដ៏ ចម្រើន បរិក្ខាររបស់បព្វជិត រកបានងាយឬ សូមលោកម្ចាស់ទាំងឡាយ កុំលះបង់សមណធម៌នេះឡើយ ។