ទុតិយកាលសូត្រ
ម្នាលភិក្ខុទាំងឡាយ កាល ( នៃកុសលធម៌ ) ៤ យ៉ាង នេះ កាលបើបុគ្គលចម្រើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យ ដល់នូវការអស់ទៅនៃអាសវៈដោយលំដាប់ ។ កាល ៤ យ៉ាង តើដូចម្តេច ខ្លះ ។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចម្រើន សមថៈតាមកាល ១ ការចម្រើនវិបស្សនាតាមកាល ១ ។ ម្នាលភិក្ខុទាំងឡាយ កាល ៤ យ៉ាងនេះឯង កាលបើបុគ្គលចម្រើនដោយប្រពៃ ឲ្យប្រព្រឹត្ត ទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅនៃអាសវៈដោយលំដាប់ ម្នាល ភិក្ខុទាំងឡាយ ភ្លៀងមានតំណក់ដ៏ថ្លោសធ្លាក់ចុះលើកំពូលភ្នំ ទឹកកាលហូរទៅកាន់ ទំនាប រមែងញ៉ាំងជ្រោះ អូរ និងប្រឡាយភ្នំឲ្យពេញ លុះជ្រោះ អូរ និង ប្រឡាយភ្នំពេញហើយ រមែងញ៉ាំងបារាយណ៍តូចឲ្យពេញ លុះបារាយណ៍ តូចពេញហើយ រមែងញ៉ាំងបារាយណ៍ធំឲ្យពេញ លុះបារាយណ៍ធំពេញ ហើយ រមែងញ៉ាំងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញ៉ាំង ស្ទឹងធំឲ្យពេញ លុះស្ទឹងធំពេញហើយ រមែងញ៉ាំងសមុទ្រសាគរឲ្យពេញ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទាំង ៤ យ៉ាងនេះ បើ បុគ្គលចម្រើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ ទៅនៃអាសវៈដោយលំដាប់ ក៏មានឧបមេយ្យយ៉ាងនោះដែរ ។