សុគតសូត្រ

ក្បាលទី 28 · ទំព័រ 310

ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោក ការនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តី ចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគតដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជា អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមក កាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគតដូចម្តេច ។ ព្រះសុគតនោះ ទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ កាល ព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ កាលនោះ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។