អដ្ឋកថាសុគតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសុគតសូត្រទី ១០ ដូចតទៅនេះ បទថា ទុគ្គហិតំ បានដល់ ប្រកាន់មកក្រៅលំដាប់ ។ បទថា បរិយាបុណន្តិ បានដល់ បន្ទោបង់ចេញមក គឺពោល ។ ក្នុងបទថា បទព្យញ្ជនេហិ នេះ លោកពោលថា បទរបស់អត្ថនោះឯង ជាព្យញ្ជនៈដោយព្យញ្ជនៈ ។ បទថា ទុន្និក្ខិត្តស្ស បានដល់ ប្រើខុស គឺតាំងទុកក្រៅលំដាប់ ។ បទថា អត្ថោបិ ទុន្នយោ ហោតិ បានដល់ មិនអាចនាំអដ្ឋកថាចេញមកពោលបាន ។ បទថា ឆិន្នមូលកោ បានដល់ ឈ្មោះថា ឆិន្នមូលកៈ ព្រោះដាច់ភិក្ខុដែលជាមូល គឺដាច់ភិក្ខុដែលជាអាចារ្យ ។ បទថា អប្បដិស្សរណោ គឺមិនមានទីពឹង ។ បទថា ពាហុល្លិកា បានដល់ បដិបត្តិដើម្បីសន្សំបច្ច័យ ។ បទថា សាថលិកា បានដល់ កាន់យកនូវត្រៃសិក្ខាធូរថយ ។ បទថា ឱក្កមនេ បុព្វង្គមា បានដល់ នីវរណៈ ៥ លោកហៅថា ឱក្កមន ព្រោះប្រព្រឹត្តទៅរក ទីទាប គឺវិនាស អធិប្បាយថា បែរមុខទៅក្នុងឱក្កមនៈនោះ គឺបែរមុខ ទៅកាន់ផ្លូវលាសិក្ខា ។ បទថា បវិវេកេ បានដល់ វិវេក ៣ ។ បទថា និក្ខិត្តធុរា បានដល់ មិនមានសេចក្តីព្យាយាម ។ គប្បីជ្រាបអត្ថក្នុង ទីទាំងពួង ក្នុងសូត្រនេះ ។