អដ្ឋកថាវិត្ថារសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវិត្ថារសូត្រទី ២ ដូចតទៅនេះ បទថា អភិក្ខណំ ប្រែថា រឿយៗ ។ បទថា អនន្តរិយំ បានដល់ មគ្គសមាធិ ដែលឲ្យផលជាអនន្តរិយគុណ ។ បទថា អាសវានំ ខយាយ បានដល់ ដើម្បីអរហត្តផល ។ បទថា បញ្ច្រិន្ទិយានិ បានដល់ ឥន្ទ្រិយ ៥ ដែលមាន វិបស្សនាជាគម្រប់ ៥ ក្នុងបទថា បញ្ញ្រិន្ទិយំ នេះ លោកបំណងយកវិបស្សនា បញ្ញាបុណ្ណោះថា ជាបញ្ញ្រិន្ទិយ ។ ពាក្យដ៏សេស ក្នុងសូត្រនេះ ងាយយល់ ទាំងអស់ ដោយអំណាចដែលត្រាស់ហើយក្នុងបាលី ។ កថាចែកបដិបទាទាំងនេះ មានដូច្នេះ ។ ភិក្ខុក្នុងធម្មវិន័យនេះ មិនធ្លាប់ ធ្វើការប្រកាន់មកអំពីខាងដើម រមែងលំបាកក្នុងការកំណត់រូប រមែងលំបាក ក្នុងការកំណត់អរូប រមែងលំបាកក្នុងការកំណត់បច្ច័យ រមែងលំបាកក្នុងកាល ទាំង ៣ រមែងលំបាកក្នុងមគ្គាមគ្គ គឺផ្លូវ និងមិនមែនផ្លូវ កាលលំបាកក្នុង ឋានៈ ៥ យ៉ាងនេះ រមែងសម្រេចវិបស្សនា កាលសម្រេចវិបស្សនាហើយក៏ លំបាកក្នុងវិបស្សនាញាណទាំង ៩ គឺក្នុងឧទយព្វយានុបស្សនាញាណ ១ ក្នុងភង្គានុបស្សនាញាណ ១ ក្នុងភយតុបដ្ឋានញ្ញាណ ១ ក្នុងអាទីនវានុបស្សនាញាណ ១ ក្នុងនិព្វិទានុបស្សនាញាណ ១ ក្នុងមុញ្ចិតុកម្យតាញាណ ១ ក្នុងសង្ខារុបេក្ខាញាណ ១ ក្នុងអនុលោមញ្ញាណ ១ ក្នុងគោត្រភូញាណ ១ ហើយទើបសម្រេចលោកុត្តរមគ្គ លោកុត្តរមគ្គនៃភិក្ខុនោះ ឈ្មោះថា បដិបត្តិលំបាកផង ត្រាស់ដឹងលំបាកផង ព្រោះធ្វើឲ្យជាក់ច្បាស់ដោយការធ្ងន់ ទៅដោយទុក្ខយ៉ាងនេះ ភិក្ខុណាខាងដើមលំបាក ក្នុងញាណ ៥ តែខាងចុង មិនលំបាក ក្នុងវិបស្សនាញាណ ៩ រមែងធ្វើឲ្យជាក់ច្បាស់នូវមគ្គ មគ្គនោះ របស់ភិក្ខុនោះ ឈ្មោះថា បដិបត្តិលំបាក តែដឹងបានរហ័ស ព្រោះធ្វើឲ្យ ជាក់ច្បាស់ដោយមិនធ្ងន់ដោយទុក្ខយ៉ាងនេះ