អដ្ឋកថាសសង្ខារសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសសង្ខារសូត្រទី ៩ ដូចតទៅនេះថា បុគ្គលទី ១ ទី ២ ជាសុខវិបស្សកៈ ញ៉ាំងសង្ខារនិមិត្តឲ្យប្រាកដ ដោយ សេចក្តីព្យាយាមដ៏ខ្លាំងក្លា ។ ក្នុងបុគ្គលទាំងនោះ បុគ្គលម្នាក់ រមែងបរិនិព្វាន ដោយកិលេសបរិនិព្វានក្នុងអត្តភាពនេះ ព្រោះឥន្ទ្រិយ គឺវិបស្សនាមានកម្លាំង បុគ្គលម្នាក់ទៀត បរិនិព្វានមិនបានក្នុងអត្តភាពនេះ ព្រោះឥន្ទ្រិយមិនមានកម្លាំង លុះបានមូលកម្មដ្ឋាននោះបុណ្ណោះ ក្នុងអត្តភាពលំដាប់ទៅ ញ៉ាំងសង្ខារនិមិត្ត ឲ្យប្រាកដដោយសេចក្តីព្យាយាមដ៏មានកម្លាំងហើយ ទើបបរិនិព្វាន ដោយ កិលេសបរិនិព្វាន ។ បុគ្គលទី ៣ ទី ៤ ជាសមថយានិក គឺមានសមថៈនាំទៅ ។ បណ្តាបុគ្គលទាំងនោះ គប្បីជ្រាបថា បុគ្គលម្នាក់ ធ្វើកិលេសឲ្យអស់ ទៅ ក្នុងអត្តភាពនេះ ព្រោះឥន្ទ្រិយមានកម្លាំង ដោយមិនចាំបាច់ប្រើសេចក្តី ព្យាយាមខ្លាំងក្លា បុគ្គលម្នាក់ធ្វើកិលេសឲ្យអស់ទៅ មិនបានក្នុងអត្តភាពនេះ ក្នុងលោកនេះ ព្រោះឥន្ទ្រិយមិនមានកម្លាំង លុះបានមូលកម្មដ្ឋាននោះបុណ្ណោះ ក្នុងអត្តភាពលំដាប់តទៅ ធ្វើកិលេសឲ្យអស់ទៅដោយមិនចាំបាច់ប្រើសេចក្តី ព្យាយាមឲ្យខ្លាំងក្លា ដូច្នេះ ។