អដ្ឋកថាអភយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអភយសូត្រទី ៤ ដូចតទៅនេះ រោគ នោះឯង ឈ្មោះថា រោគាតង្ក ព្រោះអត្ថថា ជាហេតុធ្វើជីវិតឲ្យលំបាក ។ បទថា ផុដ្ឋស្ស បានដល់ ប្រកបដោយរោគាតង្កៈនោះ ។ បទថា ឧរត្តាឡី កន្ទតិ បានដល់ វាយដំ ។ បុញ្ញកម្ម លោកហៅថា កល្យាណ ក្នុងបទថា អកតកល្យាណោ ដូច្នេះជាដើម ។ ឈ្មោះថា អកតកល្យាណោ ព្រោះ បុគ្គលនោះមិនបានធ្វើបុញ្ញកម្មនោះ ។ ក្នុងបទដ៏សេសក៏មានន័យនេះដូចគ្នា ។ ពិតហើយ បុញ្ញកម្មនោះឯង ឈ្មោះថា កុសល ព្រោះកើតអំពីការឈ្លាស ។ កុសល លោកហៅថា ភីរុត្តាណ ព្រោះជាគ្រឿងរារាំងសម្រាប់បុគ្គលភ័យ ខ្លាច ។ អកុសលកម្មដ៏លាមក លោកហៅថា បប ក្នុងបទថា កតបបេ ដូច្នេះជាដើម ។ បទថា លុទ្ទំ បានដល់ កម្មគ្រោតគ្រាត ។ បទថា កិព្វិសំ បានដល់ កម្មមិនបរិសុទ្ធ មានមន្ទិល ។ បទថា កង្ខី ហោតិ បានដល់ ជាអ្នកប្រកបដោយសេចក្តីសង្ស័យក្នុងឋានៈទាំង ៨ គឺក្នុងពុទ្ធគុណ ធម្មគុណ និងសង្ឃគុណ ក្នុងសិក្ខា ក្នុងអតីត ក្នុងអនាគត ក្នុងអតីតផង អនាគតផង និងក្នុងបដិច្ចសមុប្បាទ ។ បទថា វិចិកិច្ឆី បានដល់ ជាអ្នកប្រកបដោយ ការរារែកចិត្ត គឺមិនដល់នូវការចុះចិត្តស៊ប់ក្នុងព្រះសទ្ធម្មដែលជាពាក្យប្រៀន ប្រដៅ មិនអាចដាក់ចិត្តដោយការរៀន និងការសាកសួរ ។ គប្បីជ្រាបអត្ថ ក្នុងបទទាំងអស់ ដោយន័យនេះ ។