អដ្ឋកថាឧម្មង្គសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឧម្មង្គសូត្រទី ៦ ដូចតទៅនេះ បទថា បរិកាស្សតិ បានដល់ ដែលវត្ថុណាមួយច្រានមក ។ បទថា ឧម្មង្គោ បាន ដល់ ផុសឡើង អធិប្បាយថា ទៅដោយបញ្ញា ។ ម្យ៉ាងទៀត បញ្ញានោះ ឯង ហៅថា ឧម្មង្គ ព្រោះអត្ថថា ផុសឡើង ឧម្មង្គប្បញ្ញានោះ ឈ្មោះថា បដិភាណ ព្រោះអត្ថថា ជាក់ច្បាស់ភ្លាមៗ ។ បទថា ចិត្តស្ស ឧប្បន្នស្ស វសំ គច្ឆតិ សេចក្តីថា បុគ្គលពួកណា រមែងធ្លាក់នៅក្នុងអំណាចចិត្ត គប្បី ជ្រាបការប្រកាន់របស់បុគ្គលទាំងនោះ ដោយអំណាចចិត្តនេះ ។ បទថា អត្ថមញ្ញាយ ធម្មមញ្ញាយ បានដល់ ដឹងអត្ថ និងបាលី ។ បទថា ធម្មានុធម្មប្បដិបន្នោ ហោតិ សេចក្តីថា ជាអ្នកបដិបត្តិធម៌ គឺបដិបទាដែល ជាចំណែកខាងដើម មួយអន្លើដោយសីលដែលសមគួរ ដល់លោកុត្តរធម៌ ។ បទថា និព្វេធិកប្បញ្ញោ បានដល់ បញ្ញាជាគ្រឿងចាក់ធ្លុះ ។ បទថា ឥទំ ទុក្ខំ លោកអធិប្បាយថា ខន្ធ ៥ ប្រព្រឹត្តទៅក្នុងភូមិ ៣ ដ៏សេស វៀរ តណ្ហា ជាទុក្ខ ។ បទថា បញ្ញាយ គឺមគ្គប្បញ្ញា ។ បទថា អយំ ទុក្ខសមុទយោ លោកអធិប្បាយថា តណ្ញាជាមូលរបស់វដ្តៈ ជាហេតុកើតទុក្ខ នោះ ។ ក្នុង ២ បទដ៏សេស គប្បីជ្រាបអត្ថដោយឧបាយនេះ ។ អរហត្តផល គប្បីជ្រាបថា ត្រាស់ដោយការឆ្លើយបញ្ញាប្រការទី ៤ ។