អដ្ឋកថាវស្សការសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវស្សការសូត្រទី ៧ ដូចតទៅនេះ បទថា តោទេយ្យស្ស បានដល់ គឺព្រាហ្មណ៍អ្នកដែនតុទិគាម ។ បទថា បរិសតិ បានដល់ ក្នុងបរិស័ទដែលប្រជុំព្រមគ្នាហើយ ។ បទថា បរូបរម្ភំ វត្តេន្តិ សេចក្តីថា ប្រព្រឹត្តហើយ តិះដៀលអ្នកដទៃ ។ បទថា ពាលោ អយំ រាជា ជាដើម លោកពោលដើម្បីសម្តែងពាក្យតិះដៀលដល់ជនទាំងនោះប្រព្រឹត្ត ។ បទថា សមណេ រាមបុត្តេ បានដល់ ឧទកតាបសរាមបុត្ត ។ បទថា អភិប្បសន្នោ បានដល់ ជ្រះថ្លាពន់ពេក ។ បទថា បរមនិបច្ចការំ បាន ដល់ កិរិយាដែលខ្លួនបង្អោនយ៉ាងក្រៃលែង គឺប្រព្រឹត្តឱនលំទោន ។ បទថា បរិហារកា បានដល់ បរិវារ ។ បទជាដើមថា យមកោ ជាឈ្មោះនៃ បរិវារជនទាំងនោះ ពិតហើយ បណ្តាបរិវារជនទាំងនោះ បុគ្គលម្នាក់ឈ្មោះ យមកៈ បុគ្គលម្នាក់ឈ្មោះមោគ្គល្លៈ បុគ្គលម្នាក់ឈ្មោះឧគ្គៈ បុគ្គលម្នាក់ ឈ្មោះនាវិនាកី បុគ្គលម្នាក់ឈ្មោះគន្ធព្វ បុគ្គលម្នាក់ឈ្មោះអគ្គិវេស្សៈ ។ បទថា អស្សុទំ ក្នុងបទថា ត្យស្សុទំ នេះ ត្រឹមតែជានិបាត អធិប្បាយថា នូវ បរិវារជនទាំងនោះ ដែលអង្គុយក្នុងបរិស័ទរបស់ខ្លួន ។ បទថា ឥមិនា នយេន នេតិ សេចក្តីថា តោទេយ្យព្រាហ្មណ៍ទូន្មាន គឺឲ្យបុគ្គលនោះដឹង ដោយហេតុនេះ ។ បទថា ករណីយាធិករណីយេសុ សេចក្តីថា ក្នុងកិច្ចដែលបណ្ឌិតគួរ ធ្វើ និងកិច្ចដែលគួរធ្វើក្រៃលែង ។ បទថា វចនីយាធិវចនីយេសុ សេចក្តីថា ក្នុងពាក្យគួរពោល និងពាក្យគួរពោលដ៏ក្រៃលែង ។ ក្នុងបទថា អលមត្ថទសតរេហិ នេះ សេចក្តីថា ជាអ្នកអាចឃើញប្រយោជន៍ទាំងឡាយ ឈ្មោះ ថា អលមត្ថវាស គឺជាអ្នកអាចឃើញប្រយោជន៍ ជាងបរិវារជនទាំងនោះ ឈ្មោះថា អលមត្ថទសតរ ជាងជននោះដែលជាអ្នកអាចឃើញប្រយោជន៍ ។